Saturday, November 17, 2018

ល្បើកកថា


ល្បើកកថា
១.និយមន័យ
                  ល្បើកកថា គឺជាផ្នែកមួយនៃតំណាលកថាប្រជាប្រិយ  គេនិទានឡើងដើម្បីឆ្លុះបញ្ចាំងពី សង្គម ដែលមានលក្ខណៈអប់រំទូន្មាន ប្រៀនប្រដៅសម្រាប់ឲ្យយើងដឹងខុស ដឹងត្រូវ ល្អ អា ក្រក់  ។ ម្យ៉ាងទៀតល្បើកកថាគឺជាសម្រាយនៃសុភាសិត។
២.លក្ខណៈសម្គាល់របស់ល្បើកកថា
           លក្ខណៈសម្គាល់របស់ល្បើកកថាមានដូចតទៅ៖
      .តួអង្គអាចជាសត្វ(ចេះសម្ដែងសកម្មភាពដូចមនុស្សបេះបិទ) និងតួអង្គផ្សេងទៀតអាចជា មនុស្ស យក្ស ទេវតា...។
      .រឿងមានទំហំខ្លី។
      .ល្បើកកថា ភាគច្រើនជារឿងដែលបកស្រាយចេញពីសុភាសិត។
៣.ការបង្ហាញរឿង
រឿង ស្វាយកបាយលាបមាត់ពពែ
               កាលពីព្រេងនាយ មាននិទានថា អ្នកដំណើរម្នាក់ធ្វើដំណើរមកដល់កណ្ដាលផ្លូវ ឃើញដើម ឈើមួយដើមនៅក្បែរផ្លូវមានមែកសាខាត្រជាក់ស្រួល  ក៏ឈប់សម្រាកដោយដាក់ប្រដាប់ប្រដា និងកញ្ចប់បាយនៅក្រោមដើមឈើនោះ រួចខ្លួនទៅរកដងទឹកមកទុកផឹក។
               ពេលដើរចេញទៅមានសត្វស្វាមួយ ដែលនៅក្បែរព្រៃនោះវាតែងដើររកអាហារ លុះឃើញ កញ្ចប់បាយក៏ចាប់ហែកស៊ីត្រាតែឆ្អែត។ នៅសល់បាយបន្តិចបន្តួច វាយកទៅលាបមាត់ពពែ ដែលឈរ ស៊ីស្មៅក្បែរនោះ រួចហើយស្វាក៏ឡើងដើមឈើពួនចាំមើលហេតុការណ៍។ ថ្មើរ ជើងត្រឡប់មក ពីដង ទឹកវិញ ឃើញកញ្ចប់បាយរហែកខ្ទេចខ្ទី គ្រាប់បាយរាយពាសវាលពាស កាលនឹកក្ដៅចិត្តណាស់ ព្រោះកំពុងឃ្លានបាយផង ក្រឡេកមើលឆ្វេងស្ដាំ ឃើញបាយជាប់មាត់ពពែ ក៏ស្ទុះទៅវាយពពែតាម កំហឹងរបស់ខ្លួនដោយសម្គាល់ថាពពែលួចបាយខ្លួនស៊ី។
“ប្រយ័ត្នដូចស្វាយកបាយលាបមាត់ពពែ!”
រឿងក្អែកការកូន
               កាលនោះមានក្អែកមួយនៅអាស្រ័យលើចុងឈើខ្ពស់  បានប្រុងប្រៀបរៀបចំ  ការកូន។ ក្អែក ហៅភ្ញៀវសត្វទាំងអស់មកស៊ីការ។ ក្រុមញាតិក្អែកជាដន្លងបានជួយរកផ្លែឈើ ស្រូវ អង្ករ ត្រីសាច់ គ្រប់មុខ ដើម្បីយកមកទទួលភ្ញៀវ។ លុះដល់ថ្ងៃកំណត់រៀបចំផ្សំផ្គុំកូនក្អែក ពពួកសត្វទាំងអស់ ដែលក្អែកបានអញ្ជើញបានមកជួបជុំយ៉ាងគគ្រឹកគគ្រេង ស៊ីបាយស្រែកហូរ កញ្ជ្រៀវអបអរលាន់ទ្រហឹង អឺងកង។
               និយាយពីសត្វអណ្ដើក ខំវារកខ្វេសកខ្វាសទៅនឹងគេដែរ លុះទៅដល់គល់ឈើមិន ដឹងគិតដូចម្ដេចនឹងឡើងទៅដល់ចុងឈើបាន។ ទទួលពេលនោះស្រាប់តែមានពស់មួយលូនមកដល់ អណ្ដើកក៏សួរទៅពស់៖
                បងពស់ទៅណាដែរ?
                ពស់ឆ្លើយ៖
                ខ្ញុំទៅស៊ីការកូនបងក្អែក។ ចុះបងអណ្ដើកឯងមកទីនេះធ្វើអីដែរ?
                ខ្ញុំទៅស៊ីការកូនបងក្អែកដែរ។
                បើដូចនោះចូរបងខាំកន្ទុយខ្ញុំមក ខ្ញុំនឹងយោងបងឯងឡើងទៅលើ តែសូមបងឯង ប្រយ័ត្នមាត់ បន្តិច។
                អណ្ដើកត្រេកអរណាស់ ក៏ខាំកន្ទុយពស់ភ្លាម ពស់ក៏លូនឡើងទៅលើចុងឈើ។ លុះទៅ ដល់ជិតកន្លែងការ ប្រពន្ធក្អែកឃើញអណ្ដើកក៏ស្រែកសួរគួរសម៖
               ​​​ ឱបង អណ្ដើកអញ្ជើញមកដែរ?
                អណ្ដើកភ្លេចខ្លួន ឆ្លើយទទួលនឹងពាក្យគួរសម៖
                បាទ!
                រំពេចនោះ អណ្ដើកក៏របូតមាត់ពីកន្ទុយពស់ធ្លាក់ខ្ពោកដល់ដីស្រាំស្នូកនៅជាប់ស្នាមរហូត​ដល់សព្វថ្ងៃនេះ។
“អណ្ដាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្ដាត”
រឿង ស្រីកណ្ដុរល្អោច
                កាលពីដើមមានបុរសម្នាក់មានប្រពន្ធ។ បុរសនោះតែងទៅកាប់ចម្ការរៀងរាល់ថ្ងៃ។ លុះកាប់​ទៅដល់ដើមជ្រៃមួយ កណ្ដុរសនៅដើមជ្រៃនោះមានសេចក្ដីភិតភ័យក៏អង្វរបុរសនោះ៖
                សុំទុកដើមជ្រៃមួយដើមនោះឱ្យពួកយើង ខ្ញុំនឹងឱ្យរង្វាន់អ្នកជាមាសមួយថ្ងៃមួយដុំ។
                បុរសក៏ព្រមទុកដើមជ្រៃនោះឱ្យពួកកណ្ដុរស។ កណ្ដុរសតែងយកមាសមកប្រគល់ឱ្យបុរស​នោះតែរាល់ថ្ងៃ។ បុរសនោះបានមាសហើយ យកមកប្រគល់ឱ្យប្រពន្ធតែរាល់ថ្ងៃដែរ។ ថ្ងៃមួយ​ប្រពន្ធ​សួរប្ដី៖
                អ្នកបានមាសមកពីណា?
                ប្ដីឆ្លើយ៖ នាងកុំចង់ដឹងអី ចេះតែទុកទៅ។
                ប្រពន្ធថា៖ បើអ្នកមិនប្រាប់ ខ្ញុំនឹងទៅប្ដឹងរាជការថា អ្នកលួចព្រះរាជទ្រព្យ។
                បុរសឮប្រពន្ធថាដូចនោះ ភ័យណាស់ក៏ថ្លែងប្រាប់ប្រពន្ធតាមដំណើរ ដែលបានមាសពី​កណ្ដុរសនោះ។ ប្រពន្ធដឹងហើយពោលប្រាប់ប្ដីថា៖
                អ្នកនេះហៅពេញឆោតចាញ់បោកសត្វ បើអ្នកកាប់ដើមជ្រៃនោះឱ្យរលំ ហើយពុះបំបែក​យកមាសពីក្នុងដើមជ្រៃនោះ នឹងបានច្រើនជាងកណ្ដុរយកមកឱ្យអ្នកទៅទៀត។
                បុរសឮប្រពន្ធប្រាប់ក៏ជឿ លុះព្រឹកឡើងក៏ទៅកាប់រំលំដើមជ្រៃនោះ ហើយពុះមើល ពុំឃើញ​មានមាសអ្វីបន្តិចសោះ។ កណ្ដុរនាំគ្នារត់ចោលដើមជ្រៃ ដល់វេលាយប់ បបួលគ្នាទៅ យកមាស​ពីផ្ទះបុរសនោះអស់មកវិញ។
“ចង់ស៊ីតាមឃ្លាន”
 ៣.តម្លៃអប់រំ
              តាមរយៈការសិក្សាល្បើកកថាបានផ្ដល់តម្លៃអប់រំដូចតទៅ៖
                 .ផ្នែកសីលធម៌
                 .ឱ្យចេះរស់នៅក្នុងសង្គម
                 .ឱ្យចេះត្រិះរិះពិចារណា(ការនិយាយស្ដី ...)
                 .ឱ្យចេះតស៊ូប្រឆាំងនឹងអំពើអយុត្តិធម៌
                 .កុំឱ្យមានចិត្តលោភលន់
                 .មានទំនួលខុសត្រូវចំពោះខ្លួនឯង និងអ្នកដទៃ។
               ៤.សន្និដ្ឋាន
                   ល្បើកកថា គឺជាប្រភេទអក្សរសិល្ប៍ប្រជាប្រិយ ដែលបានបង្កប់នូវគំនិតអប់រំ ប្រៀបបានជាឃ្លាំងចំណេះដឹងដែលមិនចេះរីងស្ងួត ព្រមទាំងបានផ្ដល់ជាបទពិសោធជីវិតដ៏ល្អ បង្ហាញពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជាអត្តសញ្ញាណជាតិខ្មែរ    សម្រាប់ដាស់តឿន     ដល់មនុស្សជំនាន់ក្រោយឱ្យ ចេះ ស្រឡាញ់  និងថែរក្សាឱ្យបានគង់វង្ស។

No comments: