Monday, November 12, 2018

រូបារម្មណ៍សិល្បៈក្នុងស្នាដៃអក្សរសិល្ប៍ខ្មែរ




រូបារម្មណ៍សិល្បៈក្នុងស្នាដៃអក្សរសិល្ប៍ខ្មែរ
          ទ្រឹស្ដីលោក ទីម៉ូផេអ៊ីវ បណ្ឌិតសាស្រ្តាចារ្យនៅបណ្ឌិតសភាសូវៀត បានកំណត់និយមន័យថារូបារម្មណ៍ ជាការបង្ហាញទិដ្ឋភាពនៃជីវិតមនុស្សប្រកបដោយលក្ខណៈរូបីផង និងទូទៅផង។
          តាមលោក ទីម៉ូផេអ៊ីវ៖
          ១. រូបារម្មណ៍សិល្បៈ ជាសំយោគរវាងប្រធានវិស័យ  និងវត្ថុវិស័យ។
          ២. រូបារម្មណ៍សិល្បៈ ជាសំយោគរវាងលក្ខណៈទូទៅ និងលក្ខណៈរូបីដោយឡែក រវាងលក្ខណៈរួម​ និងលក្ខណៈ​​​បុគ្គល។
          ៣. រូបារម្មណ៍សិល្បៈ មានខ្លឹមសារសិល្ប៍វិជ្ជា និងជ្រាបចូលជ្រៅទៅក្នុងសញ្ចេតនា និងមនោរម្មណ៍របស់អ្នក​និពន្ធ។
          តាមទស្សនៈនិយមនៃអ្នកទ្រឹស្ដីអក្សរសិល្ប៍ខ្មែរ បានឱ្យនិយមរូបារម្មណ៍សិល្បៈថា “ ជាការសម្ដែងបង្ហាញ​វត្ថុ​មួយ ដោយសារវត្ថុមួយផ្សេងទៀត ដើម្បីធ្វើឱ្យវត្ថុទីមួយនោះកាន់តែងាយយល់ ងាយស្គាល់ ឆាប់ចាប់ន័យសេចក្ដី​បានច្បាស់លាស់ឡើង”។
          រូបារម្មណ៍សិល្បៈអាចចែកជា៖
          -ឧបមានរូបារម្មណ៍ គឺជារូបារម្មណ៍សិល្បៈមួយប្រភេទ ដែលកើតឡើងតាមរយៈ​ការប្រៀបធៀប ផ្គូរផ្គង រវាង​អង្គទំហៀបពីរ ឬច្រើន ដើម្បីបង្ហាញនូវភាពស្របគ្នា និងខុសប្លែកគ្នា ដោយប្រើចំណងធៀប “ធ្នាក់” សម្រាប់ប្រៀប​ផ្ទឹមភ្ជាប់ពីពាក្យមួយទៅពាក្យមួយទៀត។ ពាក្យចំណងធៀបទាំងនោះមានដូចជា “ ដូច ដូចជា ប្រៀបបាននឹង ប្រៀបដូច ធៀបនឹង ហាក់ដូច ឧបមា ច្រឡំនឹង ស្មានតែ ប្រហែលជា ឬមួយជា គឺយ៉ាងណា យ៉ាងនោះ...”។
          ឧទាហរណ៍ៈ ១. រឿងទុំទាវ ទំព័រ ៥៣-៥៤
                             ខ្លួនប្អូនសព្វថ្ងៃប្រៀបដូចផ្កា              ឯអ្នកឧបមាដូចកន្លង់
                             ហើរមកឃើញផ្កាចូលត្រឹបត្រង់            រួចមិនបង្អង់ត្រាច់លីលា។
                          ២. គុកកាមកិលេស របស់លោក កេង វ៉ាន់សាក់
                             ថ្ងៃឡើងឃ្លានណាស់              ភ័យខឹងរហ័ស            ក្រពះហ្មងសៅ
                             លោកធៀបនឹងជ្រូក             អ៊ូកៗមួម៉ៅ                អ៊ូៗស្រែកហៅ
                                                                   ឱ្យគេមើលមុខ។
          -ឧបមានន័យរូបារម្មណ៍/ បំរៀបន័យរូបារម្មណ៍ គឺជារូបារម្មណ៍សិល្បៈ ដែលកើតឡើងតាមរយៈការធ្វើឱ្យវត្ថុ​មួយឥតជីវិត ឥតចេតនា ឥតវិញ្ញាណឱ្យប្រែក្លាយទៅជាមានជីវិត មានចេតនា មានវិញ្ញាណឡើងវិញ។ ឧបមានន័យរូបារម្មណ៍នេះ កើតឡើងតាមរយៈការប្រៀប​ធៀប ផ្គូរផ្គងវត្ថុពីរ ដោយយកពាក្យសម្គាល់វត្ថុទាំងនោះមក​ដាក់ជិតគ្នា ភ្ជាប់គ្នា និងពុំចាំបាច់ប្រើប្រាស់ចំណងធៀប “ធ្នាក់” នោះឡើយ។
          ឧទាហរណ៍ៈ -មនុស្សផ្លែល្វា, មនុស្សចចក, បុរសទ្រូងប្រាំហត្ថ,...
-ក្បូនជីវិត, អន្លង់ស្នេហា, សមុទ្រសង្សារ, នាវាតណ្ហា,...
-សម្ដីផ្អែម, សំឡេងស្រួយ, ចិត្តទេវទត្ត មាត់ទេវតា,...
-ខ្យល់ត្អូញថ្ងូរ, ភ្លៀងសន្ធាប់, រលកបោកខ្លួន,...។
          -និមិត្តរូបារម្មណ៍ គឺជារូបារម្មណ៍សិល្បៈមួយប្រភេទ ដែលមានលក្ខណៈទូទៅ ឬជាវិជ្ជាតែងនិព​ន្ធមួយប្រភេទ​ដែលមានលក្ខណៈជាតំណាង ដើម្បីបង្ហាញគំនិតមួយព្រឹត្តិការណ៍ ឬបាតុភូតមួយនៃតថភាព។
          ឧទាហរណ៍ៈ- អត្ថបទទាំងមូល           -រឿងចចក​ និងកូនចៀម
                                                          -រឿងស្រមោច និង​រៃ
                                                          -រឿងចចក និងក្អែក
                         -ក្នុងពាក្យពេចន៍             -ពន្លឺ សម្គាល់ បញ្ញា វិជ្ជា
                                                          -ព្រាបស សម្គាល់ សន្តិភាព
-ក្បាលខ្មោច និងឆ្អឹងស្មងជើងពីរខ្វែងគ្នា សម្គាល់ គ្រោះថ្នាក់​ដល់ជីវិត          
-ចិញ្ចៀន តំណាង ពាក្យសន្យាចិត្តភក្ដី
-ច្រវាក់ខ្នោះឃ្នាង តំណាង ការជិះជាន់
-ពណ៌នីមួយៗ តំណាងនូវសេចក្ដីមួយតាមការកំណត់របស់ជាតិ​នីមួយៗ។
          -រូបារូបិយារម្មណ៍ គឺជារូបារម្មណ៍សិល្បៈមួយប្រភេទ ដេលមាននៅក្នុងវគ្គនីមួយៗ ឬនៅក្នុងអត្ថបទទាំង​មូល។​ រូបារូបិយារម្មណ៍ ច្រើនក្លាយមកពីឧបមានរូបារម្មណ៍ ឬឧបមានន័យរូបារម្មណ៍។ ភាពខុសគ្នា គឺស្ថិតនៅត្រង់​រូបារូបិយារម្មណ៍ មានទំហំវែងជាងប៉ុណ្ណោះ។
          ឧទាហរណ៍ៈ រូបារូបិយារម្មណ៍ ក្លាយមកពីឧបមានរូបារម្មណ៍ៈ
                   […] ដូចកលផ្កាបុប្ផាផង                    ក្រពុំប៉ិចទង               ស្រទាប់ត្របកបុស្ប។
                         សឹងរីករែងរោយកេសរ                ពង់ពេញគន្ធរ             ក្សិណប្រែស្បើយល្អើយគន្ធា។
                         ក្ដិបប៉ិចលេចពីទងវា                  ខ្ចីចាស់ផលា              ស្រគាលហើយទុំទៀតហោង។
                         ក្សិណធ្លាក់ចុះចាកលែងទង                   ដូចកំណើតសព្វផង     អន្ទោលអន្ទាក់ភពស្ថាន។
                         ក្មេងពាលកណ្ដាលមរណ៍មាន      ជាបរិយោសាន          សម្រេចសម្រាប់សព្ទសុវិល។
                         រូបរងកម្មចងបីកង្វល់                 ដូចកលគម្ពីរ              មហាហន្តដ៏សមុទ្រ។
                         ទោះបីព្រះបាទទសរថ                មានព្រះជន្មកំណត់      មួយសែនកោដិកប្បស្កប់ស្កល់។
                         លុះអំណឹះសែនកោដិកប់គ្រប់       ពុំអាចទល់ទប់           នឹងលុះដល់ក្ដីមរណា។
                         ហៃបុត្រពន្លកមាតា                   រីជាតិជរា                  មរណ៍ជាសម្រាប់រូបហោង។[…]
                                                                   (រាមកេរ្តិ៍ ខ្សែទី២ ទំព័រ ៤២)
          +រូបារូបិយារម្មណ៍ ចែកចេញជា៤គឺៈ
                   -ឥន្ទ្រិយរូបារម្មណ៍ ជារូបារម្មណ៍ ដែលទាក់ទងទៅនឹងឥន្ទ្រិយទាំង៥។
                   -កាមរូបារម្មណ៍ ជារូបារម្មណ៍ ដែលទាក់ទងទៅនឹងផ្លូវចិត្ត បង្កើតតម្រេកកាមរាគ ឬស្នេហា។
                   -ចេតនារូបារម្មណ៍ ជារូបារម្មណ៍ ដែលទាក់ទងនឹងចេតនា ហទយៈ មានការញាប់ញ័រ រំភើប     ចូលចិត្ត ជាប់ចិត្តភ្លាមៗ ដោយពុំបាច់ពិចារណា។
                   -មនោ ឬបញ្ញារូបារម្មណ៍ ជារូបារម្មណ៍ ដែលទាក់ទងទៅនឹងបញ្ញា ស្មារតីភ្ញាក់រឭក វិចារណៈ។
          ក.​ ឥន្ទ្រិយរូបារម្មណ៍ គឺជារូបារម្មណ៍សិល្បៈ ដែលកើតចេញមកអំពីពាក្យសម្ដី ឃ្លោងឃ្លាប្រយោគ របស់កវី​និពន្ធ ដែលធ្វើឱ្យរំភើបចំពោះអង្គឥន្ទ្រិយទាំងឡាយ។ ឥន្ទ្រិយរូបារម្មណ៍ចែកជា៖
          -ចក្ខុរូបារម្មណ៍ ជារូបារម្មណ៍សិល្បៈ ដែលជាប់ទាក់ទងទៅនឹងចក្ខុ “ភ្នែក” តាមរយៈពាក្យពេចន៍ ឃ្លោងឃ្លា ដែលធ្វើឱ្យចក្ខុន្ទ្រិយមានអារម្មណ៍រំភើប ដូចបានឃើញច្បាស់នឹងភ្នែកដែរ។
          ឧ‌‌.ចក្ខុរូបារម្មណ៍ស្ដែងបង្ហាញរូបរាងៈ
    -រីកូខ័នមហិមា រូបរូបុព្វតា ស្រមើងស្រមេះស្កឹមស្កៃ។
              -គ្រុឌកាងស្លាបរាំងរា បិទសែងសុរិយា មេឃងងឹតជិតជុំ។
          . ចក្ខុរូបារម្មណ៍ សម្ដែងបង្ហាញនូវពណ៌សម្បុរតាមអត្ថន័យផ្សេងៗ:
    -ពណ៌ក្រហម សម្គាល់នូវទឹកចិត្ត ឬសេចក្ដីស្នហាដ៏លើសលប់ នូវកំហឹង នូវជំនឿស៊ប់ ចំពោះឧត្ដមគតិ​អ្វីមួយ នូវសេចក្ដីអង់អាចក្លាហាន នូវលទ្ធិមនោគមវិជ្ជាកុម្មុយនិស្តនិយម។
    -ពណ៌បៃតង សម្គាល់នូវសេចក្ដីសង្ឃឹម។
    -ពណ៌ខៀវ សម្គាល់នូវមេត្រីភាព ឬតម្លៃផ្លូវចិត្តរបស់តួអង្គ។
    -ពណ៌ស្វាយ សម្គាល់នូវភក្ដីភាព ចិត្តស្មោះត្រង់ និងតម្លៃចំណេះវិជ្ជា។
    -ពណ៌លឿង សម្គាល់នូវការបែកបាក់ ការផិតក្បត់ប្ដីប្រពន្ធ  ការលែងលះប្ដីប្រពន្ធ ឬការអស់សង្ឃឹម (តាមជំនឿ ជនជាតិអឺរ៉ុប) ប៉ុន្តែអាស៊ីយើងវិញ ពណ៌នេះសម្គាល់នូវចិត្តជ្រះថ្លា ស្ងប់ស្ងាត់ខាងផ្លូវកាយ​ វាចាចិត្ត។
    -ពណ៌ស សម្គាល់សេចក្ដីបរិសុទ្ធផូរផង់នូវសន្តិភាព ការស្ងប់ក្នុងចិត្ត។
    -ពណ៌ខ្មៅ សម្គាល់នូវទុក្ខសោក ការព្រួយបារម្ភ ភាពអាក្រក់កាចសាហាវ អស់សង្ឃឹម។
ឧ. ឧបមាបុប្ផាពិពណ៌             ចារនោះគឺឆ្គរ              ក៏ឆេះកំឡុងភ្លើងច្រាល។
     រីផ្កាននោងនៅកណ្ដាល      ដូចសុពណ៌កាល        រំលាយមាសមានរស្មី។
     រីផ្កាចំប៉ាពិសី                  ប្រាណប្រួតលើភ្ញី        ននោងរាយរីកបុប្ផា។
     នោះគឺនព្វគុណសុវណ្ណា     ផ្សាយផ្សំគែមគ្នា                   រលាយច្រឡំរស្មី។
     រីអង្គកន្លង់បក្សី                គឺធ្យូងអប្រិយ             និលមន្ទិលពុំថ្កើង។
     រីត្របកផ្កាច្បារច្រាលឡើង   នោះគឺអណ្ដាតភ្លើង      ក៏ឆេះនៃឆ្គរនេះណា។
                                      (រាមកេរ្ដិ៍ ខ្សែទី២)
តាមរយៈកំណាព្យខាងលើ អ្នកនិពន្ធបានប្រដូច៖
-ពណ៌មាស នៃឆ្គរ ទៅនឹងទឹកចិត្តស្នេហា (ព្រះរាម និងនាងសីតា)។
-ពណ៌ខ្មៅ នៃសត្វកន្លង់ ដូចនិល ឬធ្យូង ជានិមិត្តរូបនៃចិត្តអាក្រក់ (នាងកៃកេសី)។
-សោតរូបារម្មណ៌ គឺជារូបារម្មណ៍សិល្បៈ ដែលកើតឡើងតាមរយៈពាក្យពេចន៍ ឃ្លាប្រយោគ បង្កើតបានជា​សូរសព្ទសំឡេង ចួន រណ្ដំនៃស្រៈ ឬព្យញ្ជនៈ ស្របទៅនឹងសំឡេង សត្វ ផ្គរលាន់ ស្នូររន្ទះ ខ្យល់បក់ ស្នូរព្យុះ ស្នូរទឹក​ភ្លៀង... ធ្វើឱ្យសោតិន្ទ្រិយ មានការរំភើបឡើង។
. អ៊ីកអ៊ូកកាបៗកុកុ ទាំងស្រុកភ្ញាក់ផ្អើលរាល់គ្នា ទាំងជ្រូកទាំងមាន់ទាំងទា ជែកគ្នាឡូឡាអៃយ៉ា វាដណ្ដើមគ្នាដើរមុខ។
. ខុនខែង ខឹងខួន ខឹងខាំ មាត់ភ្ញាំងាំងាំ ត្របាក់ត្របែងផ្លែងកាំ។
-ឃានរូបារម្មណ៍ ជារូបារម្មណ៍សិល្បៈមួយប្រភេទ ដែលកើតចេញមកអំពីពាក្យពេចន៍ ឃ្លាប្រយោគ រៀបរាប់​ក្លិនពិដោរ ធ្វើឱ្យយើងទទួលអារម្មណ៍រំភើបញាប់ញ័រ នឹកឃើញនូវក្លិន របស់វត្ថុតាមរយៈឃានិន្ទ្រិយ។
ឧ. កបកាយក្រអូប      ទោះទាំងរាងរូប          ប្រសើរពុំបាច់
    រកផ្កាគ្រឿងអប់       ឈ្ងុយឈ្ងប់សព្វសាច់   ពិដោរបណ្ដាច់
                             បណ្ដូលអស់ស្រី។
-ជីវ្ហារូបារម្មណ៍ ជារូបារម្មណ៍សិល្បៈ ដែលកើតចេញមកអំពីពាក្យពេចន៍ ឃ្លាប្រយោគ បង្ហាញប្រាប់នូវ​រសជាតិ ធ្វើឱ្យយើងរំភើបរំជួល ញាប់ញ័រតាមរយៈជីវ្ហិន្ទ្រិយ ដូចជា ជូរចត់ ល្វីង ផ្អែម ប្រៃ...។
Note: ឃានរូបារម្មណ៍ និងជីវ្ហារូបារម្មណ៍ច្រើនស្ថិតនៅរួមជាមួយគ្នា ដែលឱ្យឈ្មោះថា ឃានជីវ្ហារូបារម្មណ៍
ឧ.កបកាយក្រអូប       ទោះទាំងរាងរូប          ប្រសើរពុំបាច់
    រកផ្កាគ្រឿងអប់       ឈ្ងុយឈ្ងប់សព្វសាច់   ពិដោរបណ្ដាច់
                             បណ្ដូលអស់ស្រី។
-កាយរូបារម្មណ៍ ជារូបារម្មណ៍សិល្បៈមួយប្រភេទ កើតចេញអំពីពាក្យពេចន៍ ឃ្លាប្រយោគ ដែលកវីអ្នកនិពន្ធ​រៀបរាប់ធ្វើឱ្យមានការរំភើប តាមរយៈកាយិន្ទ្រិយ ដូចជា​ រលោង ទន់ភ្លន់ ស្រលូន ក្លៀវក្លំ ក្ដៅ​ ត្រជាក់ រៀវឆ្មារ...។
ឧ. បងចាំចង្កេះមួយក្ដាប់         ក្រសោបចាប់ព្រះហត្ថជុំ
    ដោះរូផ្លែទន្លាប់                 បីចិត្តស្រទាប់ផ្កាប់លើឱរ៉ានៃ។
ខ. កាមរូបារម្មណ៍ គឺជារូបារូបិយារម្មណ៍ ដែលកើតចេញពីការរំភើបញាប់ញ័រនៃកាមារម្មណ៍ តាមរយៈ​ការរៀបរាប់ពាក្យពេចន៍ ឃ្លា ប្រយោគ  សម្គាល់នូវអារម្មណ៍តាមផ្លូវកាម។
ឧ. នាងធ្វើជាធ្លាក់                 រសាយសូភាក់            អំពីអង្សា
    គ្រុឌយល់សុដន់               ណែនក្ដន់ឱរ៉ា             ព្រួចចិត្តចិន្ដា
                                      ស្រៀវស្រើបប្រតិព័ទ្ធ។(កាកី ទំព័រ១១)
គ. ចេតនារូបារម្មណ៍ ជារូបារូបិយារម្មណ៍ ដែលកើតឡើងអាស្រ័យដោយកវីនិពន្ធចេះបំផុសនូវ​មនោសញ្ចេតនា ដូចជាទុក្ខព្រួយ រីករាយសប្បាយ កំហឹង ការភ័យខ្លាច ស្រឡាញ់ ស្អប់ ច្រណែន ប្រចណ្ឌ អាលោះអាល័យ សោកស្ដាយ សង្ឃឹម អស់សង្ឃឹម...។
ឧ. សេកសោមលោមថាព្រលឹងអើយ              បណ្ដាញថ្វីឡើយស្រីឆោមឆាយ
    បងមកចាកចោលឪពុកម្ដាយ                   ប៉ងនឹងផ្ញើកាយលើកែវមណី។
    បងបានឃើញរូបល្អចំណាប់                    ស៊ូស្លាប់ក្នុងវាំងតាំងជីវី
    នឹងឈានជើងចេញចាកពីទី                    ស៊ូនឹងកែវមណីហើយស្ងួនភ្ងា។
    ស៊ូស្លាប់ជាខ្មោចអាសោចសូន្យ                 ឱ្យតែបានប្អូនជាភរិយា
    តែម្ដងស្លាប់ចុះមិនរួញរា                         ស្លាប់រស់ជាមួយគ្នាមិនរាថ្មី។
                                      (រឿងសេកសោមសារិកា ទំព័រ៦)
ឃ. មនោ ឬបញ្ញារូបារម្មណ៍ កើតឡើងដោយសារបញ្ញាញាណ ឬមនោ ដោយសារការត្រិះរិះពិចារណា។
ឧ. ស្ដេចគិតសង្វេគអនិច្ចា                 រូបំអនត្តា                  ឥតខ្លឹមឥតសារសោះ។
    សង្សារបណ្ដាលទោសស្មោះ           ឥតត្រើយឥតកោះ       ពំនាក់ពំនឹងរូបបាន។ (ក្រុងសុភមិត្រ)
សន្និដ្ឋាន
រូបារម្មណ៍សិល្បៈ ជាឧបករណ៍ ឬមធ្យោបាយមួយគត់ ក្នុងការឆ្លុះបញ្ចាំងតថភាព វត្ថុវិស័យរបស់សិល្បករ ឬអ្នកនិពន្ធ។ ទោះបីរូបារម្មណ៍សិល្បៈត្រូវបានបង្កើតឡើងតាមគោលការណ៍រួម ឬរូបមន្តរួមយ៉ាងណាក្ដី ក៏ការអនុវត្ត​កវី អ្នកនិពន្ធជាតិនីមួយៗ តែងមានល្បិចរស់រវើក បង្កើតជាទម្រង់រូបបារម្មណ៍ប្លែកៗគ្នា។ កំណាព្យខ្វះរូបបារម្មណ៍ ជាអត្ថបទពាក្យចួនសោះកក្រោះ។ យ៉ាងណាមិញ ស្នាដៃសំណេរ ដែលខ្វះរូបបារម្មណ៍ ជាស្នាដៃពាក្យរាយមួយ ដែលពុំទាន់មានលក្ខណៈជាអក្សរសិល្ប៍នោះឡើយ។

No comments: