Tuesday, November 13, 2018

តែងសេចក្ដី (១)

Add caption


តែងសេចក្ដី (១)
ប្រធានៈ តាមទស្សនៈអប់រំចិត្តមួយឃ្លាចែងថា “ការបាត់បង់សម្មាទិដ្ឋិ សម្មាសង្កប្បោ គឺជាការ​កើនឡើងនៅអំពើបាបកម្ម” ។ ចូរពន្យល់ដោយលើកឧទាហរណ៍មកបញ្ជក់។
សេចក្ដីអធិប្បាយ
            ព្រះពុទ្ធជាម្ចាស់ ដែលជាព្រះបរមគ្រូនៃយើង ព្រះអង្គរមែងអប់រំទូន្មាន ប្រៀនប្រដៅ ដល់ពុទ្ធបរិស័ទទាំងឡាយ ឱ្យចេះសង្រួមកាយវាចាចិត្ត ដើម្បីចៀសផុតអំពើអាក្រក់ ក្នុងគ្រួសារ និងសង្គមជាតិ។ ដោយបានត្រង់ត្រាប់នូវពុទ្ធឳវាទនេះហើយទើបមានទស្សនៈអប់រំចិត្តមួយចែង​ថា “ការបាត់បង់សម្មាទិដ្ឋិ សម្មាសង្កប្បោ គឺជាការ​កើនឡើងនៅអំពើបាបកម្ម”​។ 
        
            តើទស្សនៈនេះមានអត្ថន័យ និងខ្លឹមសារយ៉ាងដូចម្ដេចខ្លះ?
            ការបកស្រាយមួយមានសេចក្ដីពិស្ដារ ព្រមទាំងក្បោះក្បាយទៅបានអាស្រ័យដោយយើង​បានស្វែងយល់ន័យនៃពាក្យគន្លឹះប្រធានជាមុនសិន។ សម្មាទិដ្ឋិ គឺការយល់ឃើញត្រឹមត្រូវ ។ ឯពាក្យសម្មាសង្កប្បោ មានន័យថាសេចក្ដីត្រិះរិះត្រឹមត្រូវ ពិចារណាឃើញអ្វី ដែលមានប្រយោជន៍​និងឥតប្រយោជន៍។ ចំណែកបាបកម្ម សំដៅលើអំពើអាក្រក់ អំពើអកុសល។ ប្រធាននេះមាន​ន័យថានៅពេលណា​ ដែលមានការបាត់បង់ការយល់ឃើញត្រូវ និងសេចក្ដីត្រិះរិះត្រូវ នោះនឹង​មានការកើនឡើង នូវអំពើអាក្រក់ជាមិនខាន។
            ជាការពិតឥតបដិសេធបាន ធម្មជាតិនៃមនុស្ស តែងតែមានសេចក្ដីលោភលន់ មាន​ចំណង់ ហើយសេចក្ដីលោភលន់នោះវាបានជំរុញឱ្យមនុស្សមានការវង្វេង ឬធ្វើឱ្យយើងបាត់បង់​អស់នូវការគិតពិចារណា ការយល់ឃើញត្រូវ ដែលជាជំហានៗ​នាំឱ្យមនុស្សបង្កើន​នូវ​អំពើ​អកុសល​​​​គ្រប់បែបយ៉ាងបន្ថែម​​​ទៀត។ ជាក់ស្ដែង នៅក្នុងស្នាដៃអក្សរសិល្ប៍រឿងទុំទាវ តួអង្គទុំ និងទាវ ដោយខ្វះការយល់ឃើញត្រូវ ខ្វះការពិចារណាត្រឹមត្រូវ ជាហេតុនាំឱ្យពួកគេហ៊ាន​ប្រព្រឹត្តអំពើ អកុសលម្ដងហើយម្ដងទៀត គឺទុំលែងស្ដាប់ដំបូន្មានគ្រូ លួចសឹកដើម្បីស្នេហា។ ឯទាវលែងគោរព​ប្រពៃណីជាតិក្នុងការចូលម្លប់ បង្កើតស្នេហាលួចលាក់ជាមួយទុំ លែងស្ដាប់​បង្គាប់​​ម្ដាយ។ ចំណែក​ម្ដាយទាវវិញ ដោយសេចក្ដីលោភលន់ លែងគិតពិចារណាឱ្យ​បានត្រឹមត្រូវ​បង្កើតជាទោស ដែល​ជាអំពើបាបដ៏អាក្រក់ ដូចជាមិនស្ដាប់ពាក្យអង្វរ​របស់កូនក្នុង​ការជ្រើស​រើស​រើសគូស្រករ។​​ ម្យ៉ាងទៀតម្ដាយទាវបានបំបែកបំបាក់ ទុំ និងទាវ ដែលបានរៀបការ​ស្រប​ច្បាប់  ដោយបញ្ជា​ឱ្យ​អរជូន យកទុំទៅសម្លាប់យ៉ាងសាហាវបំផុត។ ដូចមានសម្ដីបញ្ជាក់ថា “ឧកញ៉ាអរជូនងួនកូនគាត់ ខឹងណាស់ខំអត់ស្ទុះម្នីម្នា ចរចេញទៅដល់ទើបស្គាល់ជា ទុំទាវនោវា​មរណាពិត”។មួយវិញទៀតរឿងភូមិតិរច្ឆាន ដោយសារតែការបាត់បង់ការពិចារណ ធ្វើឱ្យខ្លួន​ហ៊ានប្រព្រឹត្ត​អំពើអាក្រក់ភ្លេចគិតពីតួនាទី បានចាប់អ្នកជាប់ពន្ធដាក់ខ្នោះ បង្អត់បាយ ដែល​មាន​ប្ដីនាងនី នាងប៊ី បំភ្លេចពាក្យសន្យារបស់ខ្លួន។  រីឯជួន និងនៅដោយខ្វះការពិចារណា មានមោទនភាព​ជ្រុលចំពោះជ័យជម្នះបណ្ដោះអាសន្នរបស់ខ្លួន នាំគ្នាកេណ្ឌប្រជារាស្ត្រ​ទៅវាយ​បារាំង​នៅ​កំពង់​ឆ្នាំង គឺបង្ខំរាស្រ្តថា បើមិនព្រមទៅតាមខ្លួនកូនក្នុងអង្រឹងមួយក៏មិនទុកដែរ។
            រួមសេចក្ដីមកនៅពេលណា ដែលគេបាត់បង់ការគិតពិចារណាត្រឹមត្រូវ និងការយល់​ឃើញត្រឹមត្រូវនោះបុគ្គលនឹងបង្កើនការប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាង ដើម្បីបំពេញមហិច្ឆតា​របស់ខ្លួនពិតប្រាកដមែន។
            ឆ្លងតាមការបកស្រាយបង្ហាញឱ្យឃើញថា ទស្សនៈប្រធានពោរពេញទៅដោយអត្ថន័យ​ល្អក្នុងការកាត់បន្ថយនូវអំពើបាប ទោះបីជាចេតនាក្ដី អចេតនាក្ដី។ ទន្ទឹមនឹងនេះគំនិតប្រធានបាន​ចូលរួមចំណែកយ៉ាងវិសេសវិសាលបំផុត ក្នុងការលុបបំបាត់ទំនាស់ ហើយអប់រំមនុស្សឱ្យងាក​មករកផ្លូវល្អគ្រប់ៗគ្នា។

No comments: