Monday, November 12, 2018

តែងសេចក្ដី (៦)


តែងសេចក្ដី (៦)
ប្រធានៈ មតិទីមួយយល់ថា “ព្រះវេស្សន្ដរ មានទឹកចិត្តជ្រះថ្លា ក្នុងការលះបង់រាជសម្បត្តិ” ។ ឯមតិ​ទីពីរយល់ថា “ព្រះវេស្សន្ដរ ពុំមានទឹកចិត្តជ្រះថ្លាក្នុងការលះបង់រាជសម្បត្តិទេ ការដែលព្រះអង្គ​សុខចិត្តដើរចេញពីព្រះនគរមកពីខ្លាចអ្នកស្រុកស្រីពិរាស្រ្ត​​​តែប៉ុណ្ណោះ” ។ តើអ្នកយល់យ៉ាងណា? ចូរពិភាក្សា។
សេចក្ដីអធិប្បាយ
            បន្ទាប់ពីបានសិក្សាស្នាដៃអក្សរសិល្ប៍ពុទ្ធនិយម រឿងព្រះវេស្សន្ដររួចមកឃើញថា ព្រះវេស្សន្ដរ​បានធ្វើទានហួសហេតុ រហូតធ្វើឱ្យអ្នកស្រុកស្រីពិរាស្រ្តកើតក្ដីក្ដៅក្រហាយក្នុងរឿងដែលព្រះអង្គ​បរិច្ចាគដំរីបច្ច័យនាគេន្ទ្រឱ្យទៅអ្នកស្រុកកលឹង្គរាស្រ្ត។ ម៉្លោះហើយ អ្នកស្រុកស្រីពិរាស្រ្តសំណូមពរឱ្យ​ព្រះបាទស្រីសញ្ជ័យបំបរបង់ព្រះអង្គចេញពីព្រះនគរ។ ជុំវិញបញ្ហានៃការបរិច្ចាគទាន និងការចាក​ចេញ​របស់ព្រះវេស្សន្ដរ មានមតិពីរយល់ផ្ទុយគ្នា ក្នុងនោះមតិទីមួយយល់ថា “ព្រះវេស្សន្ដរ មានទឹកចិត្តជ្រះថ្លា ក្នុងការ​លះបង់រាជសម្បត្តិ”​ ។ ឯមតិមួយទៀតយល់ថា “ព្រះវេស្សន្ដរ ពុំមាន​ទឹកចិត្ត​ជ្រះថ្លា​ក្នុងកា​រ​លះបង់រាជសម្បត្តិទេ ការដែលព្រះអង្គ​សុខចិត្តដើរចេញ​ពីព្រះនគរ​មក​ពី​ខ្លាច​​​អ្នកស្រុ​កស្រីពិរាស្រ្ត​តែ​ប៉ុណ្ណោះ”។
            តើបណ្ដាមតិទាំងពីរខាងលើនេះមួយណាត្រឹមត្រូវជាង?
          ដើម្បីឈានដល់ការបកស្រាយវែកញែកប្រធានខាងលើឱ្យបានស៊ីជម្រៅ យើងគួរយល់ពាក្យ ​ជ្រះថ្លា និង រាជសម្បត្តិ ជាមុនសិន។ ពាក្យជ្រះថ្លាមានន័យថា ជ្រះស្រលះ បរិសុទ្ធ ឥតមន្ទិល ឯពាក្យ​រាជសម្បត្តិ មានន័យថា សំដៅលើការសោយរាជ្យ ជាព្រះមហាក្សត្រ ឬជាទីសម្គាល់នៃការគ្រប់គ្រង​អំណាច។ ន័យរបស់មតិទីមួយបានកំណត់ថាព្រះវេស្សន្ដរ មានទឹកចិត្តល្អបរិសុទ្ធក្នុងការលះបង់ការ​សោយរាជ្យអំណាចជាព្រះមហាក្សត្រ។ ឯមតិទីពីរចង់សំដៅថា ព្រះវេស្សន្ដរពុំមានទឹកចិត្តជ្រះស្រលះ​ក្នុងការលះបង់ អំណាចជាព្រះមហាក្សត្រនោះទេ ការដែលព្រះអង្គសុខចិត្តដើចេញពីនគរមកពីខ្លាច​អ្នកស្រុកស្រីពិរាស្រ្តតែប៉ណ្ណោះ។
            ក្នុងរឿងព្រះវេស្សន្ដរ បានបង្ហាញពីការធ្វើទាន របស់ព្រះអង្គសព្វបែបយ៉ាង ដោយមិនរើសមុខ​ឡើយ អ្វីដែលព្រះអង្គមានទ្រង់ឱ្យជាទានទាំងអស់ សូម្បីតែជីវិតក៏ព្រះអង្គមិនស្ដាយស្រណោះដែរ។ ដោយសារតែការឱ្យដំរីបច្ច័យនាគេន្ទ្រ ទៅស្រុកកលឹង្គរាស្រ្ត បានធ្វើឱ្យអ្នកស្រុកស្រីពិរាស្រ្ត កើតក្ដី​ក្ដៅ​​ក្រហាយយ៉ាងខ្លាំង ហើយអ្នកស្រុកទាំងនោះក៏សុំឱ្យព្រះបាទស្រីសញ្ជ័យនិរទេសព្រះវេស្សន្ដរចេញ​ពីនគរ។ ចំណែកព្រះវេស្សន្ដរវិញសុខចិត្តចាកចេញ ដោយឥតស្រណោះអ្វីឡើយ ដូចជាសម្ដីរបស់​ទ្រង់ទៅកាន់​ព្រះបាទស្រីសញ្ជ័យថា “បពិត្របិតា សត្វទាំងឡាយសុទ្ធតែពុំឆ្អែតដោយកាមទាំងអស់​។ ហេតុដូចនេះ​សត្វទាំងនោះរមែងទៅកាន់ទីយមរាជ។ ឯទូលព្រះបង្គំជាខ្ញុំចង់ចៀសវាងទីយមរាជ បាន​ដោយការ​ឱ្យទាន។ ការឱ្យទានជាអំពើល្អសោះ តែត្រឡប់ជាមានឈ្មោះជាការបៀតបៀនអ្នក​ដែន​ទៅវិញ។ ទូលព្រះបង្គំជាខ្ញុំ ទោះបីចេញទៅរងទុក្ខក្នុងព្រៃ ដែលច្របូកច្របល់ដោយម្រឹគសាហាវ ក៏មានឈ្មោះ​ថាបានធ្វើបុណ្យ ដែលជាគ្រឿងនាំមកនូវសេចក្ដីសុខ ក្នុងអនាគតដែរ”។ ត្រង់នេះ​បង្ហាញ​ថាព្រះវេស្សន្ដរ សុខចិត្តលះបង់រាជសម្បត្តិ ដោយទឹកចិត្តបរិសុទ្ធ។ លើសពីនេះទៅទៀត ទ្រង់យល់ឃើញថា បើព្រះអង្គមិនចេញទេនោះ នឹងកើតនូវចលាចលពេញទាំងនគរ ហើយទ្រង់ក៏មិន​ចង់ឱ្យមាន​សង្គ្រាម​កើតឡើងក្នុងស្រុកដែរ។ មិនមែនមានន័យថា ព្រះអង្គខ្លាចអ្នកស្រុកស្រីពិរាស្ត្រ ធ្វើ​អំពើអវិជ្ជមាន​ចំពោះ​ព្រះអង្គនោះទេ។ ម្យ៉ាងវិញទៀត ការដែលព្រះអង្គចាកចេញពីព្រះនគរក៏អាច​ធ្វើឱ្យអ្នកស្រីពិរាស្រ្តទាំងមូ​លមានការភ្ញាក់រឭកឡើងវិញដែរ។ ជាពិសេសទៅទៀតនោះ រាជសម្បត្តិ​ទ្រង់មិនប្រាថ្នា​ជារបស់ទ្រង់​ឡើយ    ព្រោះទ្រង់សុខចិត្តលំបាកវេទនាក្នុងព្រៃគិរីវង្គត     យ៉ាងណាមិញ​ ពេលព្រះវេស្សន្ដរ​​​ធ្វើដំណើរ​កាត់ក្រុងមាតុលានគរ គឺមានក្សត្រប្រាំមួយម៉ឺនអង្គមកទទួលរាក់ទាក់​ព្រមទាំងយាងព្រះអង្គឱ្យសោយរាជ្យ​នៅនគររបស់គេ ប៉ុន្តែព្រះវេស្សន្ដរពុំយល់ព្រមឡើយ។ នេះសបញ្ជាក់ឱ្យឃើញថា ទោះជាគ្មានរាជសម្បត្តិ​នៅចេតុត្តរនគរក៏ដោយ ក៏មានរាជសម្បត្តិនៅ មាតុលានគរស្វាគមន៍ព្រះអង្គដែរ ពោលគឺព្រះអង្គលះបង់​ទ្រព្យសម្បត្តិទាំងអស់ ហើយទ្រង់ប្រាថ្នាតែ​ម្យ៉ាងគឺការត្រាស់ដឹងជាព្រះពុទ្ធ។
            ដូចនេះព្រះវេស្សន្ដរ ពិតជាមានទឹកចិត្តជ្រះថ្លាក្នុងការលះបង់រាជសម្បត្តិប្រាកដ​មែន​។
            តើព្រះវេស្សន្ដរ ពិតជាមានទឹកចិត្តជ្រះថ្លា ក្នុងការលះបង់រាជសម្បត្តិ ដោយឥតស្ដាយ​ស្រណោះមែន ឬយ៉ាងណា?
            បើយើងបង្វែរអារម្មណ៍មកពិនិត្យមើលលើមតិទីពីរវិញនោះ ប្រាកដជាឃើញជាក់ច្បាស់ថា ព្រះវេស្សន្ដរពុំមានទឹកចិត្តជ្រះថ្លាក្នុងការលះបង់រាជសម្បត្តិនោះទេ ព្រោះការយាងចេញពីព្រះនគររបស់​ទ្រង់​​​គឺដោយខ្លាចអ្នកស្រុកស្រីពិរាស្រ្ត ធ្វើកុបកម្មទៅលើព្រះអង្គ និងអាចធ្វើឱ្យទ្រង់សោយទិវង្គត​បាន។ ម្យ៉ាងវិញទៀតនៅពេលដឹងថា ទ្រង់ត្រូវប្រជារាស្រ្តបំបរបង់ឱ្យទៅនៅព្រៃភ្នំគីរីវង្គត ព្រះអង្គក៏​មាន​អារម្មណ៍​មិនសប្បាយក្នុងព្រះទ័យសោះ។ តួយ៉ាងនៅពេលចាកចេញពីនគរព្រះអង្គបានបញ្ឈប់​រាជរថ ងាកមើលក្រោយឱ្យព្រះនាងមទ្រី ទតមើលព្រះនគរ ដោយមានព្រះបន្ទូលថា “នុះន៎! ព្រះរាជ​វាំងរបស់យើង”។ តាមសម្ដីនេះអាចបញ្ជាក់បានថាព្រះវេស្សន្ដរ​ នៅមានចិត្តអាល័យអាឡោះ ស្រណោះ​នគរ និងរាជសម្បត្តិនេះឯង។លក្ខណៈមួយទៀតដែលបញ្ជាក់ថាព្រះវេស្សន្ដរ ពុំមានទឹក​ព្រះទ័យ​ជ្រះ​ថ្លា​ក្នុងការលះបង់រាជសម្បត្តិនោះគឺ ​បន្ទាប់ពីបានដាក់ទាន នាងមទ្រីរួចមក ព្រះវេស្សន្ដរ បានសុំពរ​ប្រាំបី​ប្រការ ពីព្រះឥន្ទ្រាធិរាជ ហើយក្នុងចំណោមពរទាំងប្រាំបីប្រការនេះ មានពរមួយ​ប្រការនោះ ព្រះអង្គបាន​ប្រាថ្នាថា “សូមឱ្យព្រះបាទស្រីសញ្ជ័យជាបិតា និងអាណាប្រជានុរាស្រ្ត មកយាងព្រះអង្គ​ទៅសោយរាជ្យ​វិញ”។​ នេះសបញ្ជាក់ឱ្យឃើញរឹតតែច្បាស់ថា ព្រះវេស្សន្ដរ​នៅមាន​ទឹកចិត្តស្ដាយស្រណោះរាជសម្បត្តិ តែដោយខ្លាចអ្នកស្រីពិរាស្ត្រធ្វើគត់ព្រះអង្គ ទើបទ្រង់យល់ព្រមលះ​បង់ទាំងបង្ខំ។
              ដូចនេះព្រះវេស្សន្ដរ ពុំមានទឹកចិត្តជ្រះថ្លាក្នុងការលះបង់រាជសម្បត្តិនោះឡើយ។
            ជារួមមកមតិទីមួយ ដែលយល់ថាព្រះវេស្សន្ដរ មានទឹកចិត្តជ្រះថ្លាក្នុងការលះបង់រាជសម្បត្តិ ព្រោះថាព្រះអង្គជាព្រះពោធិសត្វ ហើយទ្រង់គ្មានត្រូវការអ្វីក្រៅពីការបរិច្ចាគទាន ដើម្បីត្រាស់ជា​ព្រះពុទ្ធនោះឡើយ។ ឯមតិទីពីរ បានកំណត់ថាព្រះវេស្សន្ដរ ពុំមានទឹកចិត្តជ្រះថ្លាក្នុងការលះបង់​រាជសម្បត្តិនោះទេ ដោយសំអាងថា ទ្រង់នៅមានចិត្តជាប់ជំពាក់ និងតណ្ហាលោភលន់នេះឯង។    
           ឆ្លងតាមការអត្ថាធិប្បាយ វែកញែករួចមក​យើងអាចសន្និដ្ឋានបានថាមតិស្របត្រឹមត្រូវ ចំណែក​ឯមតិផ្ទុយ​​​មិនត្រឹមត្រូវទេ។ ព្រះវេស្សន្ដរជាបុគ្គល ដែលមានការលះបង់ខ្ពស់បំផុត ពោលគឺ​ព្រះអង្គ​ហ៊ានលះ​បង់ទ្រព្យសម្បត្តិ អំណាច កូន ប្រពន្ធ រហូតដល់អាយុជីវិតរបស់ព្រះអង្គ ក៏ទ្រង់សុខ​ចិត្តដាក់ជាទានដែរ។ ក្នុងនាមយើងជាពលរដ្ឋខ្មែរ យើងត្រូវការមេដឹកនាំ ដែលមានការលះបង់ខ្ពស់​គោរព អាណិត ស្រឡាញ់ សន្ដោសប្រណី និងឈរលើគោលការប្រជាធិបតេយ្យដូចព្រះវេស្សន្ដរ។


No comments: