Monday, November 12, 2018

តែងសេចក្ដី (៥)



តែងសេចក្ដី (៥)
            ប្រធានៈ ទស្សនៈមួយចំនួនយល់ថា “ទំនាស់រវាងតួអង្គ និងតួអង្គក្នុងស្នាដៃអក្សរសិល្ប៍ខ្មែរ​ច្រើនកើត​ឡើង ដោយសារបញ្ហាស្នេហា”។ ចូរបំភ្លឺ ដោយលើកយកឧទាហរណ៍មកបង្ហាញ។
សេចក្ដីអធិប្បាយ
            ទំនាស់មានច្រើនប្រភេទណាស់ ដែលកើតឡើងរវាងមនុស្ស និងមនុស្សគ្នាឯង ទំនាស់រវាងសត្វ និងសត្វ​គ្នាវា ទំនាស់រវាងមនុស្ស និងធម្មជាតិជាដើម។ បណ្ដាទំនាស់ ដែលកើតមានឡើងបែបនេះ សុទ្ធតែមាន​មូលហេតុដើមជាដរាប។ អាស្រ័យដូចនេះហើយទើបនាំឱ្យស្ដែងចេញជា​ទស្សនៈ​យល់​ឃើញ​ថា “ទំនាស់​រវាង​តួអង្គ និងតួអង្គក្នុងស្នាដៃអក្សរសិល្ប៍ខ្មែរច្រើនកើត​ឡើង ដោយសារបញ្ហាស្នេហា”។
                 តើគេសំអាងទៅលើភស្តុតាងអ្វីខ្លះ ដែលនាំឱ្យមានការយល់ឃើញបែបនេះ?
            ដើម្បីជាស្ពានឈានដល់ការបកស្រាយប្រធានឱ្យបានស៊ីជម្រៅ និងរលូននោះគប្បីយល់ពាក្យ ទំនាស់​មានន័យថាការឈ្លោះប្រកែកគ្នា ការប្រឈមមុខដាក់គ្នារវាងភាគីម្ខាង និងភាគីម្ខាងទៀត។ ចំណែកឯពាក្យ​ ស្នេហា ​សំដៅទៅលើការស្រឡាញ់ពេញចិត្ត​ រវាងគូស្នេហ៍ ក្នុងឋានៈជាគូជីវិត ឬមិត្តមួយរយឆ្នាំ។ ដូចនេះ​មតិប្រធានមានន័យយ៉ាងខ្លីថា ការឈ្លោះប្រកែកគ្នា រវាងតួអង្គ និងតួអង្គក្នុងស្នាដៃអក្សរសិល្ប៍ខ្មែរច្រើនតែកើត​មកពីក្ដីស្រឡាញ់។
            ជាការពិតណាស់ នៅក្នុងអក្សរសិល្ប៍ខ្មែរ​ អ្នកនិពន្ធបានលើកយកនូវបញ្ហាទំនាស់របស់មនុស្ស​មក​ធ្វើ​ការ​ចោទ និងដោះស្រាយ ជាពិសេស​នោះគឺបញ្ហា ដែលបណ្ដាលមកពីការទាស់ទែងខ្វែង​គំនិតគ្នាទៅលើបញ្ហា​​ក្ដីស្រឡាញ់នេះតែម្ដង។ កាលបើមានជីវិតរស់នៅលើលោកយើងនេះ​ រមែងមាន​ចំណងស្នេហ៍​មិនប្រកាន់ថា​ជាមនុស្ស ឬជាសត្វទេ តែងតែស្រឡាញ់គ្នាទៅវិញទៅមក​រវាងធាតុ​ពីរ​ផ្ទុយគ្នា​ជាដរាប។ ដើម្បីសម្រេច​បំណងប្រាថ្នាដ៏ពិសិដ្ឋនេះបាន ម្នាក់ៗតែងតែខិតខំរិះរកវិធីសាស្ត្រ ឬប្រើគ្រប់មធ្យោបាយទៅតាមលទ្ធភាព​រៀងៗខ្លួន សម្រាប់ប្រឈមមុខនឹងឧបសគ្គនានា ដែលពាក់ព័ន្ធ​នឹងបំណងប្រាថ្នារបស់ពួកគេ។ បញ្ហាបែបនេះ​ត្រូវបានអ្នកនិពន្ធខ្មែរយកទៅតាក់តែង ចងក្រងបង្កើត​បានជាវណ្ណកម្មអក្សរសិល្ប៍។ ទន្ទឹមនឹងនេះដែរ អ្នកអាន អ្នកសិក្សាមួយចំនួន តែងយល់ថាបញ្ហាស្នេហា​នៅក្នុងរឿងភាគច្រើន ជាប្រភពបង្កឡើងឱ្យមានទំនាស់រវាង​តួអង្គ និងតួអង្គ បានជាគេហ៊ាន​អះអាងបែបនេះ ដោយសំអាងទៅលើ បទពិសោធន៍នានា ដែលឆ្លងកាត់ការ​អាននូវស្នាដៃជាច្រើន ទាំងប្រភេទរឿងព្រេង រឿងទំនើប ក៏ដូចជារឿងបុរាណ។ ជាក់ស្ដែង រឿងរាមកេរ្ដិ៍ ដែលជាស្នាដៃ​បែបបុរាណ ឋិតក្នុងចលនាអក្សរសិល្ប៍ព្រាហ្មណ៍និយម។ ស្នាដៃនេះបានធ្វើការឆ្លុះបញ្ចាំងពី​ទំនាស់ ដ៏ធំមួយរវាងមនុស្ស និងអសុរៈ។ ករណីនាងសូបនខា ជាប្អូនស្រីបង្កើតរបស់ក្រុងរាពណ៍រាជាគ្រប់គ្រង​នគរលង្កាបុរី បានកើតមាននូវទំនាស់មួយជាមួយព្រះលក្ម្សណ៍ និងព្រះរាម ដោយសារតែបុរសទាំងពីរ ធ្វើការ​បដិសេធសេចក្ដីស្នេហារបស់នាង ព្រមទាំងបានធ្វើទារុណកម្មសែនព្រៃផ្សៃ​ទៅលើរាងកាយ​របស់នាងថែម​ទៀតផង។ ស្ដែងចេញពីទំនាស់នេះក្រុងរាពណ៍ ជាបងបានធ្វើការសងសឹកតបវិញ ដោយបានបញ្ឆោតចាប់យក នាងសីតាមហេសីរបស់ព្រះរាម ក្នុងបំណងយកទៅធ្វើជាមហេសីរបស់ខ្លួន។ ស្នេហាខុសបែបបទនេះ បង្កើត​ឱ្យមានទំនាស់រវាងព្រះរាម និងក្រុងរាពណ៍ ក៏ដូចជាទំនាស់រវាង នគរព្ធយុធ្យា និងនគរលង្កា។ ជាលទ្ធផល​ទ័ព​ស្វា ទ័ពយក្ស ស្លាប់គរជើងលើគ្នា ហើយក្រុងលង្កា​ទាំងមូល​ត្រូវរលាយដោយសារសង្គ្រាម។ ចំណែកឯស្នាដៃមួយ​ទៀតនោះគឺ រឿងទុំទាវ ដែលជាស្នាដៃ​និពន្ធ​របស់​ព្រះភិក្ខុ ងួន សោម ក៏បានបង្ហាញឱ្យឃើញពីបញ្ហាទំនាស់​រវាងទុំ និងម្ដាយទាវ ក៏ដូចជាមួយ​គ្រួសារ​អរជូន។ ទំនាស់នេះកើតចេញមកតែអំពីទំនាក់ទំនងចំណងស្នេហ៍​របស់ទុំ និងទាវ ដែលបានស្រឡាញ់គ្នា​ដោយ​ស្មោះស្ម័គ្រ ចង់រួមរស់ជាមួយគ្នាលុះអវសាន្តជីវិតរៀងៗខ្លួន។ ជុំវិញ​បញ្ហាទំនាស់នេះនាំឱ្យ​កើតមាន​ទំនាស់​​ផ្សេងៗជាច្រើនទៀត ដូចជាទំនាស់រវាងទុំ និងលោកគ្រូចៅអធិការ ទុំជាមួយព្រះរាមាជាដើម។ បើផ្អែកលើរឿងព្រេងប្រជាប្រិយវិញនោះ គេក៏ឃើញ​នូវគោលគំនិតដូចគ្នានេះដែរ។ តួយ៉ាងរឿងមាយាស្រ្តី ទំនាស់រវាងបុរសជាប្ដី    ជាមួយនាងជាភរិយារបស់បុរសនេះ បានលបលួចមានសហាយ​​​ស្មន់ជាមួយ​​​​បុរសម្នាក់ទៀត។ ព្រឹត្តិការណ៍ដ៏អាក្រក់នេះបានធ្វើឱ្យបុរសជាប្ដីខឹងយ៉ាងខ្លាំង ហើយបានរិះរក​ឧបាយកល​ដើម្បីដោះស្រាយនូវបញ្ហាដ៏អាស្រូវនេះ។ ជាលទ្ធផល បុរសសហាយត្រូវស្លាប់បាត់បង់ជីវិតដោយ​សារ​រលាកទឹកក្ដៅ។ មួយវិញទៀតរឿងអ្នកតាទឹកអ្នកតាភ្នំ គេឃើញមាននូវទំនាស់ដ៏ធំមួយរវាងអ្នកតាទឹក និង​អ្នកតាភ្នំ ពាក់ព័ន្ធនឹងបញ្ហាការចូលស្ដីដណ្ដឹងកូនក្រមុំរបស់តាយាយ។ ជាចុងក្រោយទោះបីខិតខំខ្នះខ្នែង​យ៉ាងណាក៏ការតាមផ្ចាញ់ ឈ្នានីសសេចក្ដីសុខសាន្តរបស់អ្នកតាភ្នំ និងភរិយា ពីសម្នាក់​អ្នកតាទឹក​ពុំអាចទៅ​រួចបានឡើយ។ បើក្រលេកមើលអក្សរសិល្ប៍បែបប្រលោមលោកវិញ តាមរយៈរឿង​កុលាបប៉ៃលិន​​​របស់លោក​ញ៉ុក ថែម បញ្ហាស្នេហារបស់ចៅចិត្រ និងឃុននារី លោកបាល័ដ្ឋស្រុកសង្កែ និងឃុននារី បានបង្កឱ្យមានទំនាស់​មួយរវាងចៅចិត្រ ជាមួយលោកបាល័ដ្ឋ ឬឃុននារីជាមួយបាល័ដ្ឋ ហើយនៅមានទំនាស់ជាបន្តបន្ទាប់ ដូចជាទំនាស់រវាងលោកហ្លួងរតនសម្បត្តិជាមួយលោកបាល័ដ្ឋ និងមេចោរផាន់ជាដើម។ តាមរយៈទំនាស់នេះ​គ្រួសារលោកហ្លួងរតនសម្បត្តិស្ទើរវិនាសអន្តរាយ កុំតែ​មាន​​​អន្តរាគមន៍របស់ចៅចិត្រជួយទាន់។ រីឯរឿងសូផាត​របស់លោករីម គីន ក៏យ៉ាងដូច្នេះដែរ។ បញ្ហាស្នេហារវាង នាងម៉ានយ៉ាន ចំពោះសូផាត បង្កជាទំនាស់ផ្លូវចិត្ត​មួយដែលនាង ម៉ានយ៉ានយល់ច្រឡំ សូផាតជាមួយនាងអ៊ូរី។​​ ទំនាស់បែបនេះក៏កើតចេញពីបញ្ហាស្នេហាមិន​ខុសពីស្នាដៃមួយ​ចំនួន​ខាងលើ​ឡើយ​។
            សរុបសេចក្ដីមក ការបង្ហាញនូវស្នាដៃអក្សរសិល្ប៍ខ្មែរ ទាំងបុរាណ ទាំងសម័យ យើងសង្កេតឃើញ​ និងអាចជាភស្តុតាងបញ្ជាក់ថាទំនាស់រវាងតួអង្គ និងតួអង្គពិតជាភាគច្រើន​កើតចេញពីបញ្ហា​ស្នេហា​ពិតមែន។
            ឆ្លងតាមការបកស្រាយរួចមកយើងអាចសន្និដ្ឋានបានថា ទំនាស់កើតពីបញ្ហាស្នេហាពិតមែន តែពុំមែន​មួយរយភាគរយនោះទេ។ ទំនាស់ដែលលើកឡើងពីបញ្ហាស្នេហាក្នុងអក្សរសិល្ប៍ជាល្បិចវិធី ក្នុងការអប់រំរបស់​អ្នកនិពន្ធចំពោះអ្នកអាន អ្នកសិក្សាប៉ុណ្ណោះ។ ក្នុងនាមយើជាអ្នកសិក្សាត្រូវចេះ​ដកស្រង់​​បទពិសោធន៍ពីក្នុង​ស្នាដៃ​​អក្សរសិល្ប៍ ដើម្បីបម្រើការរស់នៅប្រចាំថ្ងៃ និងងាយស្រួលរៀប​ចំខ្លួន​នាពេល​អនាគត។

No comments: