Monday, November 12, 2018

អត្ថរសនៃស្នាដៃអក្សរសិល្ប៍



អត្ថរស
ជាតម្លៃរបស់អត្ថបទអក្សរសិល្ប៍ ដែលស្ដែងឡើងតាមរយៈអត្ថន័យ និងអត្ថរូប។
អត្ថរសចែកជាបីៈ
១. បច្ចេករសៈ ជាតម្លៃរបស់អត្ថបទអក្សរសិល្ប៍ ដែលស្ដែងឡើងសម្រាប់តាក់តែងនិពន្ធរឿងរ៉ាវ​ផ្សេងៗក្នុងអ.សិ។ បច្ចេករសចែកជាបីប្រភេទគឺៈ
            -កាព្យរសៈ តម្លៃដែលកវីបានរចនាអត្ថបទជាពាក្យកាព្យមានសម្ផស្សសូរសព្ទពីរោះរណ្ដំ​ណែងណង ការរៀបរាប់ពណ៌នាអ្វីមួយឱ្យអ្នកអាន អ្នកស្ដាប់រំភើប រីករាយ តាមដំណើររឿង។
  -ប្រលោមរសៈ តម្លៃដែលកវីបានរចនាអត្ថបទជាពាក្យរាយ ធ្វើឱ្យដំណើររឿងក្ដី សកម្មភាព​តួអង្គក្ដី មានលក្ខណៈអណ្ដែតអណ្ដូង ពោរពេញដោយមនោសញ្ចេតនា ខាបអន្ទងដួងចិត្ត អ្នកអាន​អ្នកស្ដាប់ឱ្យរំភើបរីករាយតាមដំណើររឿង។
      -នាដករសៈ តម្លៃដែលកវីប្រើសម្រាប់សរសេររឿងល្ខោន ដោយមានការរៀបរាប់ដំណើរ​រឿងឱ្យមានលក្ខណៈឯកភាព ទាំងសកម្មភាព ទីកន្លែង និងពេលវេលា។
២. វិសេសរសៈ តម្លៃរបស់អត្ថបទអក្សរសិល្ប៍ ដែលស្ដែងឡើងសម្រាប់តាក់តែងនិពន្ធរឿងល្ខោន​ កំណាព្យ  ល្បើក អត្ថបទផ្សេងៗ។ វិសេសរស មានច្រើនយ៉ាងៈ
            -សុន្ទរ៍រសៈ ជាតម្លៃល្អ ដែលកវីប្រើការបង្ហាញលក្ខណៈតួអង្គតាមការពិត ឬចេះពណ៌នា​រូបភាព ដំណើររឿង​ ធម្មជាតិ ទេសភាព និងសកម្មភាពតួអង្គបានច្បាស់លាស់ ធ្វើឱ្យអ្នកអាន អ្នកស្ដាប់ អ្នកទស្សនាពេញចិត្តសាច់រឿង។
            -វិហាសរូបរសៈ ជាតម្លៃអាក្រក់ ដែលកវីប្រើក្នុងការបង្ហាញទៅលើលក្ខណៈអាក្រក់របស់​តួអង្គតាមការពិតជាក់ស្ដែង ទាំងរូបរាងកាយ សកម្មភាព ដើម្បីបង្កើតនូវសោភណភាពនៃរឿង។
            -វិសិដ្ឋរសៈ ជាតម្លៃដែលកវីប្រើនូវការបង្ហាញសកម្មភាពអស្ចារ្យរបស់តួអង្គ ក្នុងការធ្វើ​ពលីកម្មអ្វីមួយ ដែលមនុស្សធម្មតាធ្វើមិនបាន។
            -វីររសៈ ជាតម្លៃដែលកវីប្រើនូវការបង្ហាញពីលក្ខណៈអាកប្បកិរិយា ចិត្តក្លាហានរបស់តួអង្គ​ក្នុងការប្រយុទ្ធ ដោយកាយ វាចា ចិត្តចំពោះអំពើមិនល្អណាមួយ។
            -ទារុណរសៈ ជាតម្លៃដែលកវីប្រើនូវការបង្ហាញឱ្យឃើញនូវសកម្មភាពប្រយុទ្ធ ការព្យាបាទ​សងសឹក ជិះជាន់ រំលោភបំពាន ធ្វើទោសទណ្ឌកម្មយ៉ាងឃោរឃៅអស្ចារ្យរហូតបាត់បង់ជីវិត។
            -នាដ្យរសៈ ជាតម្លៃដែលកវីធ្វើឱ្យលេចចេញនូវលក្ខណៈកម្សត់ នៅក្នុងទំនាស់វិបត្តិ ទំនាស់​ប្រឆាំងរវាងគូបដិបក្ខ ដែលមានកម្លាំង និងសមត្ថភាពប្រហាក់ប្រហែលគ្នា។
            -ហាសរសៈ ជាតម្លៃដែលកវីប្រើនូវការបង្ហាញលក្ខណៈសកម្មភាព ចលនារឿងរបស់​តួអង្គ​មានភាពកំប្លែង ធ្វើឱ្យអ្នកអាន អ្នកស្ដាប់ អ្នកទស្សនាសប្បាយរីករាយ ផ្ទុះសំណើច ជ្រះថ្លាចិត្ត អបអរសាទរ។
            -សោភ័ណរសៈ ជាតម្លៃល្អដែលកវីប្រើការបង្ហាញប្រកបដោយទេពកោសល្យខ្ពស់​​ទាំងផ្នែក​អត្ថន័យ (ប៉ិនចោទ ប៉ិនស្រាយ) និងអត្ថរូប (ពីរោះស្ដាប់ និយាយខ្លី ងាយយល់ មានភាពទាក់ទាញ) នៅក្នុងដំណើររឿង។
            -ទស្សនីយរសៈ ជាតម្លៃដែលកវីប្រើនូវការបង្ហាញរៀបរាប់ទេសភាព ធម្មជាតិ ព្រៃព្រឹក្សា មច្ឆា បក្សាបក្សី ប្រកបដោយសូរសព្ទពីរោះរណ្ដំណែងណង បង្កើតបានជាបរិយាកាសមួយ ធ្វើឱ្យ​
អ្នកអាន អ្នកស្ដាប់ រំភើបរីករាយ ជក់ចិត្តដិតអារម្មណ៍។
៣. សព្វរសៈ ជាតម្លៃទូទៅ ដែលកវីយកមកប្រើក្នុងស្នាដៃរបស់ខ្លួន។ សព្វរសមានដូចជាៈ
            -តថរសៈ តម្លៃដែលកវីលើកយកតួអង្គ និងបញ្ហាជាក់ស្ដែង នៅក្នុងសង្គមមកតាក់តែងឱ្យ​ឃើញជាក់ច្បាស់ ងាយយល់​ ងាយស្ដាប់  ចាប់សេចក្ដីបានដូចជា ទំនាស់ ការគ្រប់គ្រងសង្គម ជំនឿ ទំនៀមទម្លាប់ ប្រពៃណី សាសនាជាដើម។
            -អច្ឆរិយរសៈ តម្លៃដែលកវីប្រើនូវការបង្ហាញពីលក្ខណៈសកម្មភាពអស្ចារ្យ តួអង្គអរូបី ជាទេវៈ សត្វចេះនិយាយ មនុស្សចេះហោះហើរ ដើរលើអាកាស ប្រែកាឡាបែងភាគ...។
            -កុសលរសៈ តម្លៃដែលកវីប្រើនូវការអប់រំទូន្មាន ប្រៀនប្រដៅចំពោះមនុស្សទូទៅ តាមរយៈ​អត្ថន័យ របស់អត្ថបទ ឬសកម្មភាពរបស់តួអង្គជាដើម។

No comments: