Tuesday, November 13, 2018

តែងសេចក្ដី (៦)


តែងសេចក្ដី (៦)
ប្រធានៈ ចូប្រៀបធៀប “ស្នេហារបស់ព្រះរាម និងក្រុងរាពណ៍ ចំពោះនាងសីតា”។
សេចក្ដីអធិប្បាយ
            អ្នកសិក្សារឿងរាមកេរ្ដិ៍ខ្មែរបានជ្រាបច្បាស់ហើយថាក្នុងរឿងនេះមានទំនាស់មួយយ៉ាង​ធំសម្បើមបានកើតឡើងធ្វើឱ្យដំណើររឿងមានចលនាអូសបន្លាយវែងឆ្ងាយរហូតដល់ទៅ​ប៉ែតសិបខ្សែ គឺទំនាស់រវាងព្រះរាម និងក្រុងរាពណ៍។ ដើម្បីយកជ័យជម្នះលើព្រះរាម ក្រុង​រាពណ៍បានសម្រេចចិត្តឆក់យកនាងសីតា ធ្វើជាមហេសី។ អាស្រ័យហេតុនេះទើបមានប្រធាន​មួយតម្រូវឱ្យយើងធ្វើការប្រៀបធៀបរវាងសេចក្ដីស្នេហារបស់ព្រះរាម និងក្រុងរាពណ៍​ចំពោះ​នាងសីតា។
            តើស្នេហារបស់ព្រះរាម និងក្រុងរាពណ៍ ចំពោះនាងសីតា មានលក្ខណៈដូចគ្នា និងខុសគ្នា​យ៉ាងណាខ្លះ?
            ដើម្បីងាយស្រួលដល់ការបកស្រាយប្រធសនខាងលើ យើងគួរយល់ពាក្យ “ស្នេហា” ដែលសំដៅទៅលើការស្រឡាញ់ជាប់ស្និទ្ធ ជាប់ចិត្តចំពោះភាគីពីរគឺប្រុស និងស្រី។ ដូចនេះ​ប្រធានចង់ឱ្យយើងធ្វើការប្រៀបធៀបសេចក្ដីស្រឡាញ់របស់ព្រះរាម និងក្រុងរាពណ៍ចំពោះ​នាងសីតា។
            តាមរយៈការសិក្សារឿងរាមកេរ្ដិ៍ខ្មែរ យើងឃើញថាការស្រឡាញ់របស់ព្រះរាម និង​ក្រុង​រាពណ៍ ចំពោះនាងសីតា មានលក្ខណៈដូចគ្នាត្រង់ព្រះរាម និងក្រុងរាពណ៍ ស្រឡាញ់​នាងសីតាដូចគ្នា។ ជាក់ស្ដែងយើងឃើញព្រះរាម ខំតស៊ូតាមយកនាងសីតារហូតដល់ក្រុងលង្កា​ទោះបីបានជួបប្រទះនឹងឧបសគ្គបែបណាក៏ដោយ។ ឯក្រុងរាពណ៍ ខំរកមធ្យោបាយគ្រប់បែប​យ៉ាង ដើម្បីការពារទុកនាងសីតាធ្វើជាមហេសី។ ចំណែកលក្ខណៈដូចគ្នាតទៅទៀតនោះគឺ​ព្រះរាមក្ដី ក្រុងរាពណ៍ក្ដីមានបំណងចង់រួមរស់ជាមួយនាងសីតាទៅអនាគត និងនៅទីបញ្ចប់​នៃរឿង តួអង្គទាំងពីរពុំបានជួបនាងសីតាដូចគ្នា ពោលគឺក្រុងរាពណ៍ត្រូវស្លាប់ ឯព្រះរាមត្រូវ​នាងសីតារត់ចោល។
            ក្រៅពីលក្ខណៈដូចគ្នា យើងសង្កេតឃើញមានលក្ខណៈខុសគ្នាជាច្រើនទៀតដូចជា ព្រះរាមស្រឡាញ់នាងសីតា នាងសីតាស្រឡាញ់តបវិញ តែក្រុងរាពណ៍ស្រឡាញ់នាងសីតា ហើយនាងសីតាពុំស្រឡាញ់តបវិញទេ។ ម្យ៉ាងទៀតព្រះរាមស្រឡាញ់នាងសីតាដោយការ​បង្ហាញសមត្ថភាពលើសលប់ឈ្នះអស់គូប្រជែង ដូចជាការលើកធ្នូសរ ខុសពីក្រុងរាពណ៍ ស្រឡាញ់នាងសីតា ដោយហេតុចង់សងសឹកជួសនាងសូបនខា ដែលត្រូវព្រះរាម ព្រះលក្ស្មណ៍ ​​
ធ្វើបាបរហូតដល់ពិការខ្លួនប្រាណ។ ផ្សេងពីនេះព្រះរាមស្រឡាញ់នាងសីតា តែពុំចេះសរសើរ​លម្អរបស់នាងនៅចំពោះមុខទេ លុះនាងសីតាឃ្លាតចាកពីព្រះអង្គ ទើបព្រះអង្គនឹកឃើញនូវ​សម្រស់របស់នាង ពោលគឺជាស្នេហាកើតឡើងដោយសារអនុស្សាវរីយ៍ ដូចមានឃ្លា “បងចាំ​កេសីបីខ្មៅញាប់... បងចាំចិញ្ចើមត្រទួយ បីដូចចង្គួយកៅទណ្ឌជ័យ...បងចាំព្រះនេត្ររងថ្លា...​បងចាំធ្មេញខ្មៅជិត...បងចាំចង្កេះមួយក្ដាប់...”។ ផ្ទុយពីក្រុងរាពណ៍ស្រឡាញ់នាងសីតា​ ហើយ​ចេះសរសើរលម្អរបស់នាងនៅចំពោះមុខ ដោយការប្រើមធ្យោបាយប្លែកៗគ្នា ម្ដងសរសើរ​ថា នាងសីតាល្អលើសទេពធីតាទាំងឡាយ ម្ដងថាបើមានភ្នែកមួយសែនពាន់ ទើបមើលលម្អ​នាងសីតាបានសព្វគ្រប់ ឬបើមានអណ្ដាតមួយសែនពាន់ ទើបសរសើរលម្អនាងសីតាបានគ្រប់​ទាំងអស់។ លើសពីនេះទៅទៀតព្រះរាមស្រឡាញ់នាងសីតា ដោយបានរៀបអភិសេកត្រឹម​ត្រូវ ឯក្រុងរាពណ៌ស្រឡាញ់នាងសីតាដោយការលួចឆក់ខុសប្រពៃណី។ បន្ថែមពីនេះទៅទៀត​លក្ខណៈខុសគ្នានៃសេចក្ដីស្រឡាញ់របស់ព្រះរាម និងក្រុងរាពណ៌ចំពោះនាងសីតា​ គឺត្រង់ ព្រះរាម និងនាងសីតាមានសេចក្ដីស្នេហាទៅវិញទៅមកតាំងពីក្រមុំកំលោះ ខុសពីស្នេហា​របស់ក្រុងរាពណ៌ ដែលច្រើនស្ថិតនៅលើស្នេហាប្រពន្ធគេ ដូចនាងមណ្ឌោគីរី ដែលបច្ចុប្បន្ន​ជាប្រពន្ធក្រុងរាពណ៌ តែអតីតជាប្រពន្ធរបស់ពាលី។
            សរុបមកអ្នកទាំងពីរសុទ្ធតែស្រឡាញ់នាងសីតាដូចគ្នា ហើយមានបំណងចង់រួមរស់ ជាមួយនាងសីតាទៅអនាគត លុះដល់បញ្ចប់នៃរឿងតួអង្គទាំងពីរពុំបានជួបនាងសីតាដូចគ្នា។ ប៉ុន្តែព្រះរាមស្រឡាញ់នាងសីតា នាងសីតាស្រឡាញ់តបវិញ ចំណែកក្រុងរាពណ៌ពុំទទួលបាន​ការស្រឡាញ់វិញទេ ដោយក្រុងរាពណ៌មានបំណងសងសឹក។
            ឆ្លងតាមការប្រៀធៀបខាងលើរួចមក យើងអាចសន្និដ្ឋានបានថា ស្នេហារបស់ព្រះរាម​ទៅលើនាងសីតាមានលក្ខណៈគាប់ប្រសើរជាង ស្នេហាក្រុងរាពណ៌ ដែលចូលចិត្តលួចប្រពន្ធ​ គេធ្វើឱ្យមានចលាចលកើតឡើងក្លាយទៅជាសកលសង្គ្រាម កាប់សម្លាប់បង្ហូរឈាមគ្នា យ៉ាង​អាណោច​អាធម ទ័ពស្លាប់ដូចគេហាល ឈាមហូរដាបលើទីលានប្រយុទ្ធ កូនក្រុងរពណ៌​ទាំងអស់ត្រូវស្លាប់។ ប៉ុន្តែនៅទីបញ្ចប់នៃរឿងស្នេហាព្រះរាមក៏ពុំគាប់ប្រសើរដែរ ព្រោះព្រះ​រាម ត្រូវនាងសីតាស្អប់ខ្ពើម ហើយចាកចោល ដើម្បីវិនិច្ឆ័យអំពើឃោរឃៅរបស់ព្រះអង្គ។ ដូច​នេះយើងម្នាក់ៗ គួរយកគម្រូតាមចំណុចល្អៗរបស់ព្រះរាម កុំធ្វើតាមក្រុងរាពណ៌ ព្រោះនាំឱ្យ​សង្គកចលាចល​ វិនាសហិនហោច អ្នកដទៃរងការលំបាកដោយសារខ្លួន។

No comments: