Tuesday, November 13, 2018

សិក្សារបាំត្រុដិ ផ្នែកទី៤(ផ្នែកបញ្ចប់)


សិក្សារបាំត្រុដិ ផ្នែកទី៤(ផ្នែកបញ្ចប់)
 ៦.៣ របៀបសម្ដែង
            ដំបូងតួសម្ដែងទាំងអស់ត្រូវបន្ទន់កាយរំលឹកគុណគ្រូ។ អ្នកពាក់មុខទាំងអស់ (មនុស្សព្រៃ ព្រានព្រៃ) ចេញមកមានកិរិយាមិននឹងធឹង ច្រើនរត់រេឆ្វេងស្ដាំ ចេញក្រៅពីវង់ ហើយច្រើនរត់ទៅមុខគេ។ ដងខ្លួនធ្វើងេកងោក យោលទៅតាមចង្វាក់ស្គរ ដៃគ្រាន់តែពត់​បន្តិចមិនពេញជារាំទេ។ តួព្រានស្លៀកស្លឹកចេកច្រៀក ចងព័ន្ធចង្កេះ លាបខ្លួនខ្មៅ។
            អ្នកពាក់ស្នែង (ប្រើស ទន្សោង) ចាក់ក្បាច់ប្រហែលព្រាន និងមនុស្សព្រៃដែរ។ ដៃទាំងពីរជួនយកទៅកាន់ស្នែង ជួនលូកទៅមុខទំនងធ្វើជាជើងម្រឹគ ដោយឱនបង្កោង​ខ្លួន។ គេរាំលោតៗតាមចង្វាក់ស្គរផ្អៀងផ្អងដូចម្រឹគផ្អើលម្ដងៗ។ យូរៗ ប្រើស និងទន្សោង ធ្វើជារត់ចេញខាងក្រៅវង់ម្ដងៗដែរ។
            តួឯក និងតួនាង ច្រើនជាតួរាំនារី។ តួឯកពីរស្លៀកចងក្បិនពណ៌ ពាក់អាវពណ៌ ពាក់មកុដ ពាក់សង្វារ ដៃកាន់កន្ទុយក្ងោក។ តួនាង ពីរនាក់ទៀតស្លៀកសំពត់សម្លុយពណ៌ ពាក់អាវពណ៌ ពាក់របៃ គ្មានសង្វារ ហើយបង់ក កន្សែងពណ៌សំយុង។ តួរាំពីរគូនេះ មានក្បាច់ទន់ភ្លន់ជាងគេដោយមានឫកជានារីក្រមុំអែនអនកែក្រាយ។
            អ្នកពាក់ក្រចក និងអ្នកកាន់គ្រឿងភ្លេង ជាតួបន្ទាប់បន្សំ។ អ្នកពាក់ក្រចកជួយច្រៀង និងឱ្យចង្វាក់ជាមួយស្គរផង ដោយផ្ទាត់ក្រចករបស់ខ្លួនឮផស់ៗ ហើយងេកងោកខ្លួនតាម​ចង្វាក់ជួយបង្កើនទស្សនីយភាពនៃវង់របាំ។ អ្នកកាន់គ្រឿងភ្លេង ជាពិសេសអ្នកបុកកញ្ឆារ និងអ្នកកាន់ចង្ក្រង់ដំបែ ជួយចង្វាក់ស្គរ និងយោលខ្លួនចុះឡើងតាមចង្វាក់ស្គរ និងកញ្ឆារ។
            ៦.៤ ទំនុកច្រៀង
            ចំពោះទំនុកច្រៀងវិញ ក៏មិនដូចគ្នាទាំងអស់នោះដែរ មានល្អៀងខ្លះដោយយោលទៅ​តាមការនិយមរបស់ក្រុមសិល្បៈនីមួយៗ៖
            ៦.៤.១ ទំនុកច្រៀងទី១
                        វង់ត្រុដិស្រុកអាយ                                        វង់ត្រុដិស្រុកអាយ
                        លំឱនអង្គកាយ                                            សូមពរឆ្នាំថ្មី
បន្ទរៈ              ឱណា៎នាងណា៎                                           សូមពរឆ្នាំថ្មី!
                        កនយើងវាយវង់                                          កនយើងវាយវង់
                        វាយឱ្យត្រូវខ្ទង់                                              វង់ឱ្យរបប។
បន្ទរៈ              ឱណា៎នាងណា៎                                           វង់ឱ្យរបប!
                        ទន្សោងគោបា                                             ទន្សោងគោបា
                        ត្រូវបានទឹកថ្លា                                             ផឹកយ៉ាងរីករាយ។
បន្ទរៈ              ឱណា៎នាងណា៎                                           ផឹកយ៉ាងរីករាយ!
                        ជាន់ពើកជាន់ពាំង                                     ជាន់ពើកជាន់ពាំង
                        ជាន់ឱ្យខ្លាំងៗ                                              ត្រីរត់ចូលឈ្នាង។
បន្ទរៈ              ឱណា៎នាងណា៎                                           ត្រីរត់ចូលឈ្នាង!
                        ផ្គរលាន់ឯត្បូង                                              ត្រយូងចេកជ្វា
                        អ្នកអើយត្រុដិលា                                         ឈប់លេងត្រឹមណេះ។
បន្ទរៈ              ឱណា៎នាងណា៎                                          ឈប់លេងត្រឹមណេះ!
​៦.៤.២ ទំនុកច្រៀងទី២
បន្ទរៈ              អើយកំប្លង់ៗអើយ                                       នាំគ្នាលេងត្រុដិ
                        តាំងចិត្តបរិសុទ្ធ                                            ជារបាំខ្មែរ
                        ឆាឆារ៉ា ឆារ៉ាមុំបង                                      វើយៗក្រមុំបង។
(បន្ទរវែង ឬខ្លីតាមពេលវេលា)
                        ត្រុដិខ្ញុំមកដល់ហើយ                                   ដល់ក្រៅរបង
                        រទេះគោផង                                                 ចង្ក្រង់ខ្សែទាម។
                        ឈរឈប់នៅក្រៅ                                       ស្រែកហៅទៅថ្កាន
                        ជម្រាបសូមទាន                                          សុំព្រះលានឈរលេង។
                        គ្នាខ្ញុំច្រើនណាស់                                        គគ្រឹកគគ្រេង
                        សុំព្រះលានឈរលេង                                 លេងបានដែរឬទេ?។
(អ្នកស្រុកឆ្លើយថា បាន)
                        បន្ទរ
                        ប្រើសមួយប្រឹងរត់                                        ព្រានព្រៃដេញស្កាត់
                        ប្រើសភ័យរត់បាត់                                       ព្រានបាញ់ខុសម្ដង។
                        ប្រើសឡកដាក់ព្រាន                                  ព្រានខឹងពេកហោង
                        លើកធ្នូផ្គូរផ្គង                                               ប្រើសគេចរត់បាត់។
                        បន្ទរ
                        ផ្អើលអស់ពួកយក្ស                                      ដេញស្ទាក់ចាប់ប្រើស
                        ទៅមុខក្រោយទើស                                    ប្រើសគេចគ្រប់ទិស។
                        យក្សយារដាវកាប់                                       ទង្គិចដាវជាប់
                        ប្រើសភ័យរត់បាត់                                       ឡកឡឺយដាក់យក្ស។
                        ព្រាយស្រីក្រចកវែង                                    ចេញរាំទន្ទែង
                        ដេញស្ទាក់ចាប់ម្រឹគ                                    សន្ធឹកពេញព្រៃ។
                        បន្ទរ
                        ក្ងោកដេញជួយព័ទ្ធ                                     ប្រើសផុតវាសនា
                        ទន្សោងចេញរ៉ា                                           ព្រានបាញ់ប្រើសស្លាប់។
                        បន្ទរ
                        ត្រុដិខ្ញុំសុំលាហើយ                                      ចប់ប៉ុណ្ណោះឯងហោង
                        រទេះគោផង                                                 រៀបដំណើរទៅ។
                        បន្ទរ
Ø កំណត់សម្គាល់ៈ របាំត្រុដិនាងម៉េវ
            រហូតមកដល់បច្ចុប្បន្ននេះ គេសង្កេតឃើញរបាំនាងម៉េវ ហាក់ដូចជាមាននៅ​សេសសល់តែក្នុងខេត្តសៀមរាបមួយគត់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយរបាំនេះ​ច្រើនស្ថិតនៅជាមួយក្រុមរបាំត្រុដិ ដូច្នេះហើយទើបគេច្រើនហៅរបាំនេះថា “របាំត្រុដិនាង​ម៉េវៗ”។
            ថ្វីត្បិតរបាំត្រុដិ និងរបាំនាងម៉េវស្ថិតនៅក្រុមតែមួយ ហើយរូបភាពរាំម្ដងៗរបាំទាំង​ពីរនេះ មានអ្នកកាន់កញ្ចែច្រើនដូចគ្នា អ្នកច្រៀង អ្នកវាយស្គរ អ្នកកូតទ្រដូចគ្នាមែន ប៉ុន្តែ​បើយើងពិនិត្យឱ្យដិតដល់នោះយើងឃើញថា របាំទាំងពីរនេះហាក់ខុសគ្នាស្រឡះទាំងតួអង្គ​ពិសេសៗក្នុងរបាំ ទាំងសារសំខាន់នៃរបាំនោះថែមទៀតផង ព្រោះតួអង្គសំខាន់ៗបំផុត​ក្នុង​របាំត្រុដិ គឺសត្វប្រើស ហើយនិងព្រានព្រៃ ឬងោះ។ ឯសារសំខាន់របស់របាំត្រុដិគឺរាំ ក្នុងពិធី​បុណ្យចូលឆ្នាំ ផ្ដាច់ឆ្នាំចាស់ចូលឆ្នាំថ្មី។
            ចំណែកតួអង្គសំខាន់ៗក្នុងរបាំនាងម៉េវវិញ គឺសត្វឆ្មា តួងោះពីរអ្នកជាអ្នកសែង និង​ការពារឆ្មា និងពពួកអ្នកស្រុក ដែលគេនាំគ្នាជះទឹកដាក់សត្វឆ្មា ហើយសារសំខាន់នៃ​របាំនេះ គឺការរាំក្នុងឱកាសមានគ្រោះរាំងស្ងួត ដើម្បីសុំឱ្យមានទឹកភ្លៀងសម្រាប់ប្រកបរបរ​កសិកម្មទៅវិញ។
            ប្រទេសកម្ពុជា ជាប្រទេសដែលមានរបរកសិកម្មជាមុខរបរចម្បង ហើយទំនៀម​ទម្លាប់ប្រពៃណីពិធីរាំសុំទឹកភ្លៀងនេះក៏មានតាំងពីយូរលង់ណាស់មកហើយ ហើយមាន​ច្រើន​បែបខុសៗគ្នាថែមទៀតផង។
            នៅតំបន់ខ្លះដូចជានៅខេត្តសៀមរាបនេះ កាលបើស្រុកទេសជួបគ្រោះរាំងស្ងួត គ្មានទឹកគ្រប់គ្រាន់ធ្វើស្រែ ចំការច្បារដំណាំ អ្នកស្រុកអ្នកភូមិតែងតែនាំគ្នាប្រារព្ធពិធីរាំ​របាំនាងម៉េវ ពីភូមិមួយទៅភូមិមួយ ធ្វើដំណើរជាបន្តបន្ទាប់ជាប់គ្នាអស់រយៈពេលយ៉ាងយូរ​ដើម្បីសុំទឹកភ្លៀង ដោយគេនាំគ្នាចាប់សត្វឆ្មា ដែលខ្មែរជឿថាជាសត្វខ្លាចទឹកបំផុត ហើយជាសត្វយកកម្មពៀរនឹងមនុស្សណា ដែលធ្វើបាបវា ដូចគេជឿថា “វាយក្បាលឆ្មានាំ​ឱ្យមានកម្មពៀរញ័រជើងជាដើម” ហើយគេជឿថា “សត្វឆ្មានេះអាចនាំមកនូវរាល់ពាក្យ​បណ្ដឹងពីឋានមនុស្សលោក គឺពីផែនដីដើម្បីទៅប្ដឹងដល់ទេវតាដែលស្ថិតនៅឋានលើ គឺឋានសួគ៌” បានថែមទៀតផង។ ដូច្នេះហើយទើបក្នុងពេលដែលគេប្រាព្ធពិធីសុំទឹកភ្លៀង​នេះ គេតែងនាំគ្នាចាប់សត្វឆ្មា គឺនាងម៉េវដាក់ក្នុងទ្រុងហើយសែងដោយមនុស្សពីរនាក់ ក្នុង​សម្លៀកបំពាក់ និងមុខងោះ ជាអ្នកការពារសត្វឆ្មាអមដោយអ្នកចម្រៀង អ្នកភ្លេង អ្នកកាន់​ដងកញ្ចែរជាច្រើននាក់ រួមជាមួយនឹងតួអ្នករាំ ជញ្ជាត់ត្រី​ និងអ្នកកាន់កូនល្អីដាក់ត្រី រាំតាមក្រោយក្នុងន័យជានិមិ្មត្តថាៈ ទឹកបែកវាលមានត្រីច្រើនអនេក មានទឹកធ្វើស្រែចំការ​បានផល្លានុផលផ្ដល់ជីវភាពធូរធារ ចំណីអាហារមានបរិបូរណ៍សម្រាប់មនុស្ស និងសត្វឆ្មា​ដែលចូលចិត្តត្រីអាំងជាទីបំផុតនោះផង។
            ក្រោយពីព្រះសង្ឃនៃវត្តក្នុងភូមិរបស់ខ្លួនសូត្រធម៌រលាស់ទឹកមន្តជយន្តោមង្គលឱ្យ​រួចហើយ ក្រុមសិល្បៈនាងម៉េវ ក៏ចាប់ចេញដំណើរដោយសែងសត្វឆ្មារាំកាត់តាមភូមិនានា​​ហើយអ្នកស្រុកនៃភូមិស្រុកទាំងឡាយ ដែលក្រុមរបាំនាងម៉េវបានទៅដល់ ត្រូវតែយកទឹក​ជះលើសត្វឆ្មា ដើម្បីឱ្យឆ្មា រងារហើយខឹងនឹងខ្លួន... ដែលគេជឿថា ឆ្មានេះនឹងទៅប្ដឹងដល់់​ពពួកទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម ថាពួកមនុស្សកំណាចធ្វើបាបខ្លួន សាចទឹកដាក់លើខ្លួនឱ្យ​រងារ ដូច្នេះឆ្មានេះនឹងសុំឱ្យទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម បង្អុរភ្លៀងឱ្យខ្លាំងដើម្បីសងសឹកដល់​មនុស្ស ដែលធ្វើបាបខ្លួននោះឱ្យរងារដូចខ្លួនវិញ។ ឯមតិខ្លះថា ឆ្មានេះនឹងទៅអង្វរព្រះឥន្ទ្រ​ព្រះភិរុណ ឱ្យបង្អុរភ្លៀងឱ្យបានបរិបូរណ៍ឱ្យដល់អ្នកស្រុកធ្វើស្រែចំការ បានផលល្អ ដើម្បី​ឱ្យ​អ្នកស្រុកឈប់ធ្វើបាបឈប់ជះទឹកដាក់ខ្លួនទៀត។
            បើតាមព័ត៌មានពិធីរាំរបាំនាងម៉េវ ឬត្រុដិនាងម៉េវ សុំទឹកភ្លៀងនេះ ពេលខ្លះគេត្រូវ​ដើររាំពីភូមិមួយទៅភូមិមួយអស់រយៈពេលរាប់ខែក៏មាន ពោលគឺគេរាំទាល់តែមានភ្លៀង​ធ្លាក់ច្រើនជោគជាំអាចធ្វើស្រែចំការបាន ទើបគេនាំគ្នាវិលត្រឡប់មកកាន់ភូមិរបស់ខ្លួន​វិញ ហើយពេលត្រឡប់មកដល់ភូមិខ្លួនហើយនោះ សិល្បកររបាំនាងម៉េវទាំងអស់ត្រូវទទួល​ទឹកមន្ដប្រោះព្រំពីព្រះសង្ឃក្នុងវត្តនៃភូមិរបស់គេជាមុនសិនមុននឹងត្រឡប់ទៅផ្ទះរៀងៗខ្លួន​វិញនោះ ធ្វើយ៉ាងនេះគេជឿថានឹងនាំឱ្យមានសិរីសួស្ដីជ័យមង្គលក្នុងជីវិតរបស់ខ្លួន។
            ឯរបាំនាងម៉េវ សម្ដែងដោយក្រុមសិល្បៈប្រជាជនភូមិវត្តចក ស្រុកសៀមរាប ខេត្តសៀមរាប ក្នុងការសិក្សាស្រាវជ្រាវមួយនៅចន្លោះឆ្នាំ ១៩៨៥-១៩៩០​។ យើងឃើញមាន​ទំនុកច្រៀងជាអាទិ៍ថា៖
                        ខ្ញុំមកពីនាយ                                                ដល់ជាយរបង
                        សុំផ្លូវចូលផង                                               បានទេលោកម្ចាស់។
                        ជើងជាន់របង                                               ដៃគងសំរាស់
                        ស្រែកហៅលោកម្ចាស់                               ច្រកចូលខាងណា។
                        នាងម៉េវៗអើយ                                           នាងម៉េវម៉ាវម៉ា
                        លេងត្រុដិសែងឆ្មា                                        សុំភ្លៀងសុំផ្គរ។
                        បើភ្លៀងតិចៗ                                              ថាខ្ញុំមិនយក៍
                        ភ្លៀងឱ្យខ្លាំងមក៍                                           ឱ្យបានជោគជាំ។
                        អញ្ចាត់អញ្ចែង                                              អញ្ចាត់អញ្ចែង
                        អញ្ចាត់លេងៗ                                             បានត្រីកញ្ចុះមួយ។
                        កណ្ដៀវដងខ្លូត                                            ចូលត្រីមានឫទ្ធិ
                        ជញ្ជាំងចាក់ជិត                                            ឆិតទៅឆិតមក។
                        ជាន់ពើកជាន់បាំង                                      ជាន់ពើកជាន់បាំង
                        ជាន់ឱ្យខ្លាំងៗ                                              ឱ្យត្រីចូលឈ្នាង។
                        អញ្ចាត់អន្សាច                                             បានបាចកញ្ជើរ
                        អ្នកផងជួយមើល                                         បានត្រីកញ្ចុះមួយ។
                        អញ្ចាត់អញ្ចែង                                              អញ្ចាត់អញ្ចែង
                        អញ្ចាត់លេងៗ                                             បានលុយបានកាក់។
                        សន្ទូចដងមួយ                                              ពត់វង់ត្រឡោក
                        បង្កៃលើគោក                                               ជាប់ត្រីកញ្ជនដៃ។
           


    
សន្និដ្ឋាន

            ឆ្លងតាមការសិក្សា វិភាគខាងលើយើងអាចសន្និដ្ឋានបានថារបាំត្រុដិជារបាំរបស់ជន ជាតិសំរែដែលឆ្លុំបញ្ចាំងពីតម្រូវការទឹកភ្លៀង ឬសុំទឹកភ្លៀងសម្រាប់របរកសិកម្ម។ របាំនេះ គេនិយមលេងតែក្នុងពេលចូលឆ្នាំខ្មែរដើម្បីបណ្តេញគ្រោះចង្រៃពីឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី។ ម្យ៉ាងទៀតរបាំនេះបានបង្ហាញពីជំនឿរបស់ប្រជាជនខ្មែរ នៅពេលដែលមានសត្វព្រៃណា មួយចូលក្នុងស្រុកគេតែងតែគិតថាមានគ្រោះចង្រៃ ដោយសារមានជំនឿបែបនេះហើយ ទើបអ្នកស្រុកបង្កើតរបាំនេះឡើងដែលមានសត្វប្រើស ទន្សោង ក្ងោក សុទ្ធសឹងជាសត្វព្រៃ ដែលជាការបង្ហាញឲ្យអ្នកស្រុកប្រោះព្រំប្រេងម្សៅ ឲ្យទានជាលុយកាក់ ដើម្បីរំដោះគ្រោះ ទោះបីមានសត្វព្រៃចូលក្រោយទៀតក៏ចង្រៃឧបទ្រុពពុំអាចកើតឡើងទៀតឡើយ។
            របាំពុំមែនសម្រាប់តែការកំសាន្ត និងការបកស្រាយបទពិសោធជីវិតប៉ុណ្ណោះទេ តែថែមទាំងបានបង្ហាញពីអត្តសញ្ញាណ វប្បធម៌ជាតិខ្មែរថែមទៀតផង។


ឯកសារយោង

១. អរិយធម៌ខ្មែរ ថ្នាក់បញ្ចប់ របស់អ្នកស្រី ត្រឹង ងា ឆ្នាំ១៩៧៤
២. អក្សរសិល្ប៍ប្រជាប្រិយខ្មែរ របស់បណ្ឌិត អីវ ថុង ឆ្នាំ២០១៣
៣. អក្សរសិល្ប៍ប្រជាប្រិយ របស់លោក គឹម សារឿន ឆ្នាំ២០១១
៤. អក្សរសាស្រ្តខ្មែរ ថ្នាក់ទី១២ ឆ្នាំ២០១១
៥. វប្បធម៌-អរិយធម៌ខ្មែរ របស់លោក ពន់ ឆាយ ឆ្នាំ២០០៨
៦. កម្រងអត្ថបទ អក្សរសិល្ប៍ ថ្នាក់ទី១០ ឆ្នាំ១៩៩៦-១៩៩៧
៧.WWW.khmerlit.com/index.php/2013-12-09-11-00-04/86-2014-07-     19-11-45-08
៨. https://sophatcam.wordpress.com/tag/របាំត្រុដិ/
​៩. Km.wikipedia.org/wiki/របាំខ្មែរ


No comments: