Tuesday, November 13, 2018

សិក្សារឿង ដើមកំណើតសត្វកូនលោក



សិក្សារឿង ដើមកំណើតសត្វកូនលោក
I-សេចក្ដីផ្ដើម
            រឿងដើមកំណើតសត្វកូនលោកក៏ដូចជារឿងផ្សេងៗ (រឿងព្រេង) របស់ខ្មែរដែរ។ រឿងនេះទោះបីអ្នកនិពន្ធ បានលើកយកតួអង្គមនុស្សក្ដី សត្វក្ដីមកបញ្ចូលឲ្យមានសកម្មភាពក្នុងដំណើររឿង (សាច់រឿង) ក៏តួអង្គទាំងនោះតំណាងឲ្យមនុស្សមួយប្រភេទក្នុងសង្គមដែរ។ ហេតុដែលនាំឲ្យបុព្វបុរសសម័យបុរាណតាក់តែងរឿងដោយលើកយក​តួអង្គសត្វមកធ្វើជាតួអង្គតាង​ ដើម្បីងាយឆ្លុះបញ្ចាំងនូវសកម្មភាពនៃអំពើរបស់មនុស្សក្នុងសង្គម​ ដែលប្រើហិង្សាក្នុងគ្រួសារក្ដី ក៏ដូចជាក្នុងសង្គម ដើម្បីធ្វើការរិះគន់ដល់អំពើខុសឆ្គងមួយចំនួនដែលបានកើតមាននិងឲ្យយើងចៀសវាងនូវអំពើខុសឆ្គងទាំងនោះ។ ព្រមជាមួយគ្នានេះបុព្វបុរសខ្មែរ លោកចង់កែប្រែសង្គមឲ្យមានការអភិវឌ្ឍនិងចង់រក្សាឲ្យបាន​នូវនិម្មិតកម្មរបស់ខ្លួនឲ្យមានភាពគង់វង្សទៅអនាគត។
II-និយមន័យ
            អ្វីទៅជានិទានកថាសត្វ ?
            ១-និទានកថាសត្វ ជាប្រភេទរឿងរ៉ាវ ដែលបានបង្ហាញពីប្រវត្តិនៃសត្វឬរុក្ខជាតិ បុគ្គលិកលក្ខណៈ ពណ៌សម្បុររបស់សត្វ​មិនមែនដើម្បីជាឧបមានរូបារម្មណ៍ទៅនឹងមនុស្សក្នុងសង្គមឡើយ ប៉ុន្ដែតាមរយៈសកម្មភាពតួអង្គសត្វក្នុងប្រភេទរឿងនេះក៏បានឆ្លុះបញ្ចាំងអំពីរឿងរ៉ាវរបស់មនុស្សក្នុងសង្គមដែរ។([1])
            ២-និទានកថាសត្វគឺជារឿងព្រេងនិទានទាំងឡាយណា ដែលបានលើកយកបញ្ហាមនុស្ស និងសង្គមមនុស្សមកចោទនិងដោះស្រាយទៅតាមសិល្ប៍វិធីរបស់អ្នកនិពន្ធ ប៉ុន្ដែតួអង្គទាំងនោះច្រើនតែជាសត្វ ហើយមានសកម្មភាពដូចមនុស្សក្នុងសង្គមដែរ។
            ឧទាហរណ៍ : រឿងចចកនិងកំពឹស , រឿងត្រដក់ជាន់កូនក្រួច , រឿងត្មាតបោកដំរីស , ...។
III-លក្ខណៈពិសេសនៃរឿងនិទានកថាសត្វ
          ចំពោះរឿងដើមកំណើតសត្វកូនលោកមានលក្ខណៈពិសេសដូចខាងក្រោម :
-   គ្មានអ្នកនិពន្ធនិងគ្មានកាលបរិច្ឆេទច្បាស់លាស់
-   មានប្រភពមកពីប្រជាជន និងបម្រើឲ្យប្រជាជន
-   ភាសាដែលប្រើប្រាស់ជាភាសាសាមញ្ញ ងាយស្រួលយល់ និងងាយស្ដាប់
-   ចំណងជើងច្រើនឆ្លុះបញ្ចាំងពីដំណើររឿងតែម្ដង
-   ចំណោទបញ្ហា និងដំណោះស្រាយច្រើនឆ្លុះបញ្ចាំងពីជីវភាពរបស់ប្រជាជន
-   បង្ហាញពីដើមកំណើតរបស់សត្វឬប្រវត្តិកំណើតនៃសត្វ
-   បង្ហាញរូបរាងភិនភាគរបស់សត្វ
-   បង្ហាញពីមូលហេតុដែលនាំឲ្យមានឈ្មោះសត្វ (សត្វកូនលោក)
IV-សង្ខេបរឿង
            មានបក្សីម្យ៉ាងហៅថា សត្វកូនលោក ដែលមានរូបរាងស្រដៀងនឹងគ្រលីងគ្រលោង តែមានមាឌធំជាងបន្ដិច​សម្បុរវា​ក្រហមរទុះៗ ច្រើនអាស្រ័យនៅក្នុងព្រៃ។ សត្វនេះចាស់ៗ តែងនិយាយតៗគ្នាថា ៖
            កាលពីព្រេងនាយ មានកសិករពីរនាក់ប្ដីប្រពន្ធ ជាមនុស្សក្រលំបាកមានកូនស្រីតូចៗបីនាក់។ ក្រោយពីប្ដីស្លាប់ចោលទៅ នាងប្រពន្ធនៅមេម៉ាយជាមួយកូនស្រីបីនាក់​ តែងទៅកាប់អុស បេះបន្លែទូលទៅលក់ឯផ្សាររាល់ថ្ងៃ។
            ថ្ងៃមួយ នាងបានដើរទៅជួបអ្នកលេងស៊ីផឹក ដែលតែងតែដើរលួចឆក់ប្លន់​អ្នកដំណើរឆ្ងាយជិតមកលួងលោមសុំស្នេហា​នាងនោះ ហើយនាងក៏ព្រម។ ចាប់តាំងពីថ្ងៃនោះមក អ្នកលេងតែងចេញទៅលួចឆក់ប្លន់អ្នកស្រុក ហើយយកលុយមកឲ្យនាង​ចាយវាយបរិបូរណ៍។ នាងនោះឡើងចាង ក៏ដើរចាយវាយស៊ីផឹកភ្លេចថែរក្សាកូន ព្រោះដើរតាមប្ដីរាល់ថ្ងៃ។
            ថ្ងៃមួយ ប្ដីបានរំឭកថា បងមានសេចក្ដីខ្មាសអៀនណាស់រាល់ថ្ងៃ បងសូមអង្វរចិត្តអូនឲ្យនៅថែរក្សាកូនស្រីទាំងបីវិញ​ចុះ។ ឮប្ដីនិយាយថាយ៉ាងនេះ នាងក៏គិតថា អញគួររកឧបាយកលសម្លាប់កូនស្រីទាំងបីនោះចោលកុំឲ្យប្ដីមានលេសឲ្យអញនៅ​ចាំផ្ទះព្រោះតែកូនឡើយ។
            លុះដល់ខែពិសាខភ្លៀងជោគជាំ នាងនោះក៏យកកូនទៅបំបរបង់ចោលនៅក្នុងព្រៃជ្រៅ ដោយឲ្យតែពោតបីនិងអង្ករបីកំប៉ុងប៉ុណ្ណោះ គោលបំណងចង់ឲ្យកូនដាច់ពោះស្លាប់ឬសត្វសាហាវស៊ី។ ហើយផ្ដាំថា “នែ ! ហងរាល់គ្នា ត្រូវនៅចាំស្រូវកុំទៅណាឆ្ងាយ កុំទៅផ្ទះ បើទៅអញវាយសម្លាប់ចោលមិនខាន​ ”។
            ចំណែក កុមារីទាំងបីនាក់បងប្អូនយកគ្រាប់ពោតទៅដាំពេលយប់ រួចនាំបងប្អូនទៅដេកលើខ្ទម។ គ្រានោះ អារក្សទេវតាបានមកថែរក្សាការពារមិនឲ្យសត្វសាហាវមកយាយី ហើយនិម្មិតត្រីក្រឹម​ ទន្សាយ និងខ្ចៅខ្យងទុកឲ្យកុមារីទាំងបីស៊ីចម្អែត   ក្រពះ​។ លុះអស់អង្ករបីចានហើយ ប្អូនពៅក៏យំរំអុកបងឲ្យជូនទៅផ្ទះ។ ពេលប្អូនយំខ្លាំងពេកបងក៏ជូនទៅ ម្ដាយកាលបើឃើញ​កូនទៅដល់ក៏មានចិត្តមួរម៉ៅ ស្រែកជេរពីលើផ្ទះថា “ មេកូនចង្រៃ ! អញថាយកវាទៅប្រស់ចោលឲ្យស្លាប់បែរជាត្រឡប់មក   វិញ ”។ ហើយម្ដាយចិត្តមារក៏វាយសំពងធ្វើបាបកូនទាំងបី។ នាងបងអង្វរ “ សូមអ្នកម៉ែអាណិតកូនផងចុះ ព្រោះប្អូនយំឃ្លានបាយខ្លាំងពេក ”។
            គួរឲ្យអាសូរកុមារីទាំងបីពន់ពេក ម្ដាយវាយបែកឈាមហូរសស្រាក់ក៏មិនបាត់វាចាថា “ម៉ែៗ” អត់ដឹងថាម្ដាយប្រុងសម្លាប់ខ្លួនសោះ។ ម្ដាយវាយកូនរហូតដល់សន្លប់ ពេលនោះទេវតាក៏ប្រោះឲ្យដឹងស្មារតី។ លុះដឹងស្មារតីឡើងកុមារីទាំងបី​ស្រែកទ្រហ៊ោយំឱបគ្នា។ លុះដល់កុមារ​ទាំងបីបរិភោគត្រីក្រឹម ទន្សាយ ខ្ចៅខ្យង ពោត​យូរៗទៅស្រាប់តែដុះរោមចេញពីខ្លួន ដៃសងខាងក៏ដុះជាស្លាបទទះស្លាបហើរទៅចុងឈើ។
            ចំណែកឯម្ដាយលុះប្ដីចុងត្រូវរាជការចាប់យកទៅដាក់គុកក៏នឹកឃើញកូន ក៏ដើរទៅក្នុងព្រៃឃើញកូននៅក្នុងខ្ទមរញង់​តែមានស្លាប មានចំពុះដូចសត្វតិរច្ឆាន ក៏ស្រែកហៅថា “ កូនអើយ ឥឡូវម្ដាយមកទទួលកូនវិញហើយ ”​កូនទាំងបីឮសំឡេងម្ដាយ​ក៏ខ្លាច ហើយនាំគ្នាហើរត្រសងស្រែកប្រាប់ម្ដាយថា “ យើងអស់និស្ស័យជាកូនលោកទៀតហើយ ” តែសម្ដីនោះមិនច្បាស់ក៏ឮថា   “កូនលោកៗ ” ទៅវិញ។
            ម្ដាយចេះតែដើរស្រែកហៅកូនទាល់តែអស់កម្លាំងរហូតដល់ដួលស្លាប់ទៅ។
V-តម្លៃអប់រំ
          ខ្លឹមសារនៃរឿងខាងលើនេះបានបង្កប់នូវគោលគំនិតអប់រំដូចជាៈ
-   អប់រំឲ្យម្ដាយគ្រប់រូបចេះស្រឡាញ់ថ្នាក់ថ្នមកូន
-   មិនត្រូវបំបរបង់កូនចោល ពេលកូនមិនទាន់មានលទ្ធភាពចិញ្ចឹមជីវិតដោយខ្លួនឯង
-   មិនត្រូវប្រើអំពើហិង្សា ត្រូវចេះគិតគូរពីអនាគតរបស់កូនៗ
-   មិនត្រូវភ្លើតភ្លើនភ្លេចកំណើតខ្លួន
-   មិនត្រូវរកស៊ីប្រព្រឹត្តអំពើទុច្ចរិតលួចឆក់ប្លន់អ្នកដទៃ
-   មិនត្រូវលេងល្បែងស៊ីសង ដើរស៊ីផឹកពាលាអាវាសែ
-   មិនត្រូវបោះបង់កូនចោលនៅពេលមានប្ដីថ្មី
-   ឲ្យចេះយោគយល់អធ្យាស្រ័យ ស្រឡាញ់បងប្អូន
-   ឲ្យចេះតស៊ូក្នុងជីវិត
-   បងត្រូវចេះឃុំគ្រងនិងថែរក្សាប្អូននៅពេលដែលគ្មានឪពុកម្ដាយជាទីពឹង
-   ត្រូវចេះច្នៃប្រឌិតមុខរបរសម្រាប់ជីវភាពរស់នៅ
-   ត្រូវចេះទទួលស្គាល់កំហុសដែលខ្លួនបានប្រព្រឹត្តខុសឆ្គង
VI-សន្និដ្ឋានរួម
      ឆ្លងតាមខ្លឹមសាររឿង  លក្ខណៈពិសេស និងគំនិតអប់រំរបស់និទានកថាសត្វខាងលើនាំឲ្យយើងទទួលបាននូវបទពិសោធន៍ក្នុងជីវិត​ ឲ្យលះបង់ចោលនូវអំពើអាក្រក់និងទទួលយកអំពើល្អចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។ ជាពិសេស ចេះរស់នៅក្នុងសង្គម​ ហើយឲ្យយើងមើលឃើញកាន់តែច្បាស់​ពីមូលហេតុនៃ​ប្រភពកំណើត​សត្វទាំងឡាយ​និងទ្រង់ទ្រាយ ភិនភាគ​ រូបរាង សំឡេង ពណ៌សម្បុរ ការរកចំណី ការរស់នៅជាដើម​។​សកម្មភាព​រួមនឹងលក្ខណៈទាំងអស់ខាងលើនេះ​បានឆ្លុះបញ្ចាំង​ឲ្យឃើញពីសកម្មភាព​ទាំងឡាយ​របស់មនុស្សក្នុងជីវភាពសង្គម​មនុស្សក៏​ដូចជា​ក្នុងសង្គមធម្មជាតិសត្វ​ ព្រមទាំងការកកើតនិងការវិវត្តរបស់មនុស្សសត្វផងដែរ។ ព្រមជាមួយគ្នានេះរឿងដើមកំណើតសត្វកូនលោក​ជានិទានកថា​ ដែលបង្ហាញ​ថា​ជានិទានកថាសត្វពិតៗ៕


ឯកសារពិគ្រោះ
១.ពុទ្ធសាសន្យបណ្ឌិត្យប្រជុំរឿងព្រេងខ្មែរភាគបួន
           ២.ប្រវត្តិអក្សរសិល្ប៍ ឆ្នាំ ២០១៣​ ជុំ ឃុនសុជាតា
៣.ឯកសារអក្សរសិល្ប៍ប្រជាប្រិយ បេក្ខបណ្ឌិត ជា វណ្ណី &ទុយ យូឃីម
៣.វចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត ភាគ១, ភាគ២

No comments: