Tuesday, November 13, 2018

សិក្សារបាំត្រុដិ ផ្នែកទី២


សិក្សារបាំត្រុដិ ផ្នែកទី២
២.ប្រភព
            បើតាមឯកសាររបស់អស់លោកអ្នកប្រាជ្ញ អ្នកស្រាវជ្រាវជាច្រើនទាំងខ្មែរ​ទាំង​បរទេស ពិសេសគឺខ្មែរ និងបារាំង ដែលបានបន្សល់ដល់យើងសព្វថ្ងៃនេះ នាំឱ្យយើងដឹងថា​របាំត្រុដិ គឺជាកេរមរតកបន្តវង្សនៃជនជាតិសំរ៉ែ។ ដែលអស់លោកទាំងអស់បានសន្និដ្ឋាន​​ថា ជាចំណែកមួយនៃអរិយធម៌អម្បូរ “អូស្ត្រូអាស៊ីយាង” ដែលបានយោនយកកំណើតនៅ​ត្រង់ទឹកដីនៃប្រទេសកម្ពុជាសព្វថ្ងៃនេះ តាំងពីច្រើនពាន់ឆ្នាំមកហើយ ហើយត្រូវបាន​បងប្អូនជនជាតិសំរ៉ែ ថែកេរ្ដិ៍ដូនតារបស់ខ្លួននេះបាននៅស្ថិតស្ថេរគង់វង្សបានរហូតដល់​សព្វថ្ងៃនេះ។
            ឯកសារដ៏មានសារសំខាន់ ដែលនៅសេសសល់សព្វថ្ងៃនេះក៏បានបញ្ជាក់ដែរថា នៅក្នុងសម័យមហានគរដ៏រុងរឿង “បងប្អូនជនជាតិសំរែ” តែងតែនាំយករបាំត្រុដិរបស់ខ្លួន​ទៅរាំថ្វាយព្រះរាជានៅរាជធានីអង្គរ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរជារៀងរាល់ឆ្នាំ​ដើម្បីថ្វាយព្រះពរសិរីសួស្ដីជ័យមង្គលរបស់ព្រះអង្គថែមទៀតផង។    
            ចំពោះរឿងរ៉ាវដែលទាក់ទងនឹងដើមកំណើតនៃរបាំត្រុដិនេះវិញ យើងឃើញមាន​មតិ​ខុសគ្នាជាច្រើន មតិមួយនិយាយទាក់ទងទៅនឹងរឿងនិទានមួយតំណាលថា៖ កាលពីព្រេង​នាយ មានព្រានប្រមាញ់ម្នាក់ឈ្មោះ ព្រានប៊ុន ប្រពន្ធឈ្មោះនាង ឧមា នៅស្រុកសាវថី។ ថ្ងៃមួយព្រានព្រៃចេញទៅរកបរបាញ់ដូចសព្វដង តែមិនមានប្រទះឃើញសត្វអ្វីសោះ ព្រាន​គិតថាប្រហែលជាអារុក្ខអារក្ខទេព្រ័ក្ស អ្នកតា បិទបាំងមិនឱ្យឃើញសត្វហើយ។ គិតដូច្នោះព្រានក៏តាំងរៀបរណ្ដាប់រៀបចំពិធីបន់ស្រន់បួងសួងសូមឱ្យទេវតាអារក្ខ អ្នកតា​ជួយខ្លួន។ ទីបំផុតព្រានបានជួបនឹងប្រើសមាសមួយ ដែលមានស្នែងជាកែវភ្លឺរន្ទាល ច្រាលឆ្អិនឆ្អៅ ហើយព្រានសម្លាប់ប្រើសនោះបានដូចបំណង។ ដោយយល់ថា សត្វប្រើស​នេះល្អចម្លែកមិនដែលមាន ព្រានប៊ុន ក៏នាំយកប្រើសមាសនោះទៅថ្វាយព្រះរាជា។ ព្រះរាជាទ្រង់សព្វព្រះទ័យណាស់ ក៏ប្រទានងារព្រានប៊ុន ជាចៅហ្វាយខេត្តហើយនាង ឧមា​ជាភរិយាឡើងងារជាជំទាវ។
            គឺដោយសារលាភសក្ការៈបានប្រើសមាសរបស់ព្រាន ប៊ុន ដែលបានមកពីការបន់​ស្រន់អារុក្ខអារក្ខ អ្នកតា ទេវតា ហើយត្រូវព្រះរាជាប្រទានងារជាចៅហ្វាយខេត្តនេះ ទើប​ព្រានប៊ុន រៀបចំតម្លើងជារបាំត្រុដិនេះឡើងទុកជាតឹកតាងអនុស្សាវរីយ៍ជីវិត​របស់ខ្លួន។
            របាំត្រុដិនេះគេនិយមសម្ដែងនៅមុនពេលចូលឆ្នាំ ពេលចូលឆ្នាំ និងក្រោយពេល​ចូលឆ្នាំ រយៈពេលមួយខែនៅតំបន់ពាយព្យនៃប្រទេស គឺខេត្តបាត់ដំបង បន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្ត​​ឧត្ដរមានជ័យ​ប៉ុណ្ណោះ។
            តាមសេចក្ដីរាយការណ៍ពីលោក មាស ហាំម (កាលធ្វើជាចៅហ្វាយស្រុកសូទ្រនិគម)​ថាត្រុដិជារបាំរបស់សាសន៍សំរែ ដែលជាជនជាតិដើមមួយរស់នៅលើទឹកដីយើងតាំងពី​បុរាណមក (សព្វថ្ងៃរស់នៅត្រង់ភូមិភាគខាងជើងនៃទន្លេសាប)។ ជនជាតិសំរែនេះធ្លាប់​បាននាំយករបាំត្រុដិទៅលេងថ្វាយព្រះរាជាខ្មែរ កាលព្រះអង្គគង់នៅអង្គរវត្ត ជារៀងរាល់​ពេលចូលឆ្នាំ។ អាស្រ័យហេតុនេះហើយ បានជារបៀបរាំត្រុដិនេះនៅសេសសល់ក្នុងខេត្ត​សៀមរាប ហើយដែលគេនិយមលេងនៅពេលចូលឆ្នាំរហូតដល់សព្វថ្ងៃនេះ។
            តាមសេចក្ដីរាយការណ៍ពីលោក ឡុង សាន់ នៅខេត្តបាត់ដំបងថា នៅតាមស្រុកជិត​ឆ្ងាយ យូរៗម្ដង រមែងមានសត្វព្រៃចូលមកក្នុងភូមិអ្នកស្រុក។ អ្នកស្រុកមានជំនឿថា ប្រសិនបើមានសត្វព្រៃណាចូលមកស្រុកហើយ នឹងកើតឧបទ្រពចង្រៃបែបណាមួយ​មិនខាន។ គេក៏នាំគ្នាប្រោះព្រំប្រេងម្សៅឱ្យសត្វនោះ ហើយសុំពរជ័យពីសត្វនោះវិញ។ ដោយមានជំនឿបែបនេះហើយ អ្នកស្រុកក៏បង្កើតឱ្យមានរបាំត្រុដិនេះឡើង ដែលត្រូវមាន​ សត្វ​ប្រើស សត្វទន្សោង ក្ងោក សុទ្ធសឹងជាសត្វព្រៃ មកបង្ហាញឱ្យអ្នកស្រុកអ្នកភូមិ ប្រោះព្រំ​ប្រេងម្សៅ ចងដៃ អំបោះកម្រង ឱ្យទានជាលុយកាក់​ទៅធ្វើបុណ្យរំដោះគ្រោះឱ្យស្រេចតែម្ដង​ទៅ ប្រសិនបើមានសត្វព្រៃចូលមកក្រោយទៀត ក៏ចង្រៃឧបទ្រពពុំអាចកើតមាន​ទៀតឡើយ។
            តាមឯកសារលោក សុក មេភូមិគោកក្រសាំង (សៀមរាប) ថា របាំត្រុដិនេះ មានប្រភពទាក់ទងនឹងរឿងដំណាលថា កាលព្រះពុទ្ធនៅជាពោធិសត្វ មុនបានត្រាស់ដឹង ទ្រង់យាងចេញទៅសាងព្រះផ្នួស ស្រាប់តែមានមារតំណែងខ្លួន ជាសត្វប្រើស​មករាំងស្ទះផ្លូវ​ព្រះអង្គកុំឱ្យយាងទៅមុខបាន។ នៅពេលនោះព្រះពោធិសត្វក៏តាំងអធិដ្ឋានឡើង ក៏ក្ដៅដល់ ទេវលោក។ ទេវតាទាំងឡាយក៏ចុះមកតំណែងភេទជាងោះ លបបាញ់ប្រើសក្លែងភេទនោះ​ស្លាប់ទៅ ហើយក៏ដង្ហែព្រះពោធិសត្វទៅសាងផ្នួសបានសម្រេចដូចបំណង។ ដោយមាន​រឿងបែបនេះហើយ បានជាគេសាងជារបាំត្រុដិឡើងដែលមាន៖
            -ដងកញ្ឆារ តំណាង ឆ័ត្រ ឬក្លស់ បាំងព្រះពោធិសត្វ
            -ពួកភ្លេង តំណាង ទេវតា
            -នាងរាំ តំណាង ទេពអប្សរហែហម
            -ប្រើស ទន្សោង តំណាងមារ
            -ព្រានមនុស្សព្រៃ តំណាង ងោះ (ទេវតាកាឡាខ្លួន)។
            តាមមតិរបស់អ្នកស្រី ហ្គ. ប៉ូរេ របាំត្រុដិដែលនិយមកន្ទុយក្ងោក ដោយហេតុជនជាតិ​អាស៊ីយើងនិយមទុកសត្វនេះ ជាតំណាងព្រះអាទិត្យ ដែលជំនឿជាន់ដើមទុកជាអាទិទេព​មួយដែរ។ មនុស្សយើងត្រូវការបន់ស្រន់ចំពោះព្រះអាទិត្យ ឱ្យធ្វើអំណោយទឹកភ្លៀង​គ្រប់គ្រាន់សម្រាប់ធ្វើស្រែចំការ។ ហេតុនេះបានជាកាលណាគ្មានភ្លៀង គេលេងត្រុដិ​សុំភ្លៀង។ នៅពេលចូលឆ្នាំ គេនិយមលេងត្រុដិកំចាត់ឧបទ្រពចង្រៃផង ថ្វាយព្រះអាទិត្យផង​ដើម្បីអង្វរក សុំភ្លៀងឱ្យស្រេចតាំងពីដើមឆ្នាំទៅ ដូចគ្នានឹងទម្លាប់ជនជាតិចិន ដែលហែក្បាលគោ ហែនាគទៅរាល់ពេលចូលឆ្នាំដូចនោះដែរ។
            បើតាមអ្នកស្រី កែវ ណារុំ បានបញ្ជាក់ថា៖ គេសម្ដែងរបាំត្រុដិពាសពេញក្នុងភូមិដែរ​បន្ទាប់ពីមានសត្វព្រៃរត់ចូលស្រុក គឺសម្រាប់ការផ្ដាច់ចេញឱ្យអស់នូវឧប្បត្តិហេតុចង្រៃ ដែលនឹងអាចកើតមាននៅពេលខាងមុខក្នុងភូមិស្រុករបស់គេ ដែលអ្នកស្រុកនិយមហៅថា “ពិធីឡើងភូមិ”។

No comments: