Tuesday, November 13, 2018

តែងសេចក្ដី



តែងសេចក្ដី (៣)
ប្រធានៈ “ការធ្វើអាជីវកម្មមួយទទួលបានផលល្អ អាស្រ័យលើអាជីវករមានលក្ខណៈសម្បត្តិល្អ​ផ្ទាល់ខ្លួន លក្ខណៈរួមផ្សំពីអ្នកដទៃ និងធនធានផ្សេងៗ”។ ចូរបង្ហាញ។
សេចក្ដីអធិប្បាយ
          អាជីវកម្ម ឬជំនួញគឺជាមុខរបរសំខាន់សម្រាប់អភិវឌ្ឍជីវភាពគ្រួសារ និងសង្គមជាតិ​។​អាជីវករត្រូវតែមានសមត្ថភាព ចំណេះដឹង ជំនាញពិតប្រាកដ ទើបធ្វើឱ្យមានភាពប្រសើរ​ឡើង។តែការប្រកបរបរអាជីវកម្ម របស់ខ្លួនពុំទទួលបានជោគជ័យ ឬមានភាពមិនប្រក្រតីទេ​ វាបង្កផលវិបាក មានន័យថាវាមិនបានសម្រេចគ្រប់ពេលវេលា។ ជុំវិញបញ្ហានេះទើបមាន​ទស្សនៈមួយលើកឡើងថា “ការធ្វើអាជីវកម្មមួយទទួលបានផលល្អ អាស្រ័យលើអាជីវករមាន​លក្ខណៈសម្បត្តិល្អ​ផ្ទាល់ខ្លួន លក្ខណៈរួមផ្សំពីអ្នកដទៃ និងធនធានផ្សេងៗ”។
                តើកត្តាខាងលើនេះនាំមកនូវភាពជោគជ័យដល់អាជីវករដូចម្ដេចខ្លះ? 
         មុននឹងឈានចូលដល់ការបកស្រាយប្រធានខាងលើយើងគប្បីយល់ពាក្យ អាជីកម្ម គឺជា​ការប្រកបរបរជំនួញអ្វីមួយ ដែលមានការដោះដូររវាងផលិតផល និងទឹកប្រាក់ ឬផលិតផល និងផលិតផល។ ឯពាក្យអាជីវករ គឺអ្នកប្រកបរបររកស៊ីចិញ្ចឹមជីវិត ដោយធ្វើអាជីវកម្ម។ ចំណែកលក្ខណៈសម្បត្តិផ្ទាល់ខ្លួន សំដៅលើគំនិតស្មារតី ឬអាកប្បកិរិយា និងសមត្ថភាព​ផ្សេងៗ។ ប្រធាននេះមានន័យសេចក្ដីយ៉ាងខ្លីថា ការប្រកបរបរជំនួញអ្វីមួយទទួលបានផលល្អ គឺអាស្រ័យលើកត្តាធនធានផ្សេងៗ និងអាជីវករត្រូវចេះដកស្រង់បទពិសោធន៍ក្នុងរបរជំនួញ​ពីអ្នកដទៃ និងមានគំនិតស្មារតីច្នៃប្រឌិតខ្ពស់។
            ជាការពិតណាស់ ដើម្បីឱ្យការរស់នៅក្នុងសង្គមមានភាពប្រសើរត្រូវមានមុខ​របរជា​ចាំបាច់ ហេតុដូច្នេះហើយទើបអ្នកខ្លះក៏បានជ្រើសរើសយកការធ្វើជំនួញផ្សេងៗ ដើម្បីទទួល​បានផលចំណេញ សម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសាររបស់ពួកគេ។ ទន្ទឹមនឹងនេះដែរអ្នកខ្លះទៀត បានបើកអាជីវកម្ម​ ហើយត្រូវបរាជ័យទៅវិញ នេះដោយសារតែមិនបានស្វែងយល់ពីមុខរបរ​នោះឱ្យបានច្បាស់លាស់ ឬក៏មកពីខ្វះចំណេះដឹងនេះឯង។ ដើម្បីឱ្យអាជីវកម្មមួយបានផលគួរ​ជាទីគាប់ចិត្តនោះអាជីវករគ្រប់រូបត្រូវមានលក្ខណៈសម្បត្តិផ្ទាល់ខ្លួន ឱ្យសមស្របនឹងការងារ មានន័យថា ត្រូវមានចំណេះដឹង  ជំនាញច្បាស់លាស់ គឺត្រូវមានសមត្ថភាពគ្រប់គ្រងការងារ បានល្អមិនជួបឧបសគ្គ ឬការខាតបង់ពេលវេលា ឬប្រាក់កាស។ មួយវិញទៀត អាជីវករត្រូវ​មានបទពិសោធន៍រកស៊ី  ទទួលពីការអនុវត្តខ្លួនឯង គឺការរកស៊ីពុំអាចថ្លោះធ្លោយ មិនអាចគាំង​ស្ទះ ឬដួលរលំពីគំនាបអ្នកជំនួញដូចគ្នា។ ម្យ៉ាងទៀត ត្រូវមានទេពកោសល្យ គឺការឆាប់យល់​ដឹង រួចរកយុទ្ធសាស្រ្តរកស៊ី ថ្មីប្លែក ស្ដារការខាតបង់បាន។ មិនតែប៉ុណ្ណោះ ត្រូវមានលក្ខណៈ​រួមផ្សំពីអ្នកដទៃទើបធ្វើឱ្យដំណើរការរកស៊ីនោះកាន់តែមានជោគជ័យមួយកម្រិតទៀត។ ជាក់ស្ដែងការផ្ទេរបទពិសោធន៍ពីអាជីវករ ដូចជា គេបានរបៀបរកស៊ីថ្មី សហការគ្នារក្សា​តុល្យភាពរបរជំនួញ ពុំអាចមានការកាច់កុង​ប្រជែងគ្នានាំឱ្យរបររកស៊ីស្រុតចុះ ឬបាត់បង់​អាជីពដោយការក្ស័យធន។ លើសពីនេះទៅទៀត កម្លាំងផលិតករ ជួយបម្រើការតូចធំឱ្យ​ដើរទៅមុខ មានអ្នកដឹកជញ្ជូន អ្នកផលិត អ្នកលក់ បើគ្មានពួកគេ ការងារពុំដើរ ខ្វះផលិត​ផលល្អ ពួកគេជាបង្អែកដ៏សំខាន់បំផុត។ បន្ថែមពីនេះទៅទៀតអតិថិជន ជាអ្នកទិញរបស់ ទៅប្រើប្រាស់នាំឱ្យអាជីវករទទួលបានចំណូល ព្រោះអតិថិជនជាការជំរុញឱ្យអាជីវករផលិត​នូវផលិតផលទាំងឡាយ បើគ្មានពួកគេអ្វីដែលធ្វើបានត្រូវសល់ ហើយអាជីវកម្មត្រូវបរាជ័យ។​កត្តាដែលមិនអាចខ្វះបានទៀតនោះគឺធនធានផ្សេងៗ ដូចជាទីតាំងលក់ដូរ រួមមាន ដីកន្លែង​លក់ បើគ្មានពុំអាចឈរជើងលក់ដូរបានព្រោះគ្មានកន្លែងផលិត។ ម្យ៉ាងទៀត ដើមទុន ជាកម្លាំងចលករក្នុងដំណើរការអាជីវកម្ម បើគ្មានលុយពុំអាចចាត់ចែងធ្វើអ្វីទាំងអស់។ មួយវិញ​ទៀតវត្ថុធាតុដើម​ គឺត្រូវមានមូលដ្ឋានគ្រឹះរឹងមាំ ក្នុងការផ្ដល់ ដើម្បីផលិតទំនិញ​សម្រាប់លក់ ឱ្យឆ្លើយតបទៅនឹងតម្រូវការអតិថិជន។
            រួមសេចក្ដីមក ក្នុងការធ្វើអាជីវកម្មទទួលបានជោគជ័យគឺត្រូវពឹងផ្អែកលើលក្ខណៈ​សម្បត្តិផ្ទាល់ខ្លួនរបស់អាជីវករ កត្តារួមផ្សំពីអ្នកដទៃ និងអាស្រ័យលើធនធានមួយចំនួនពិត​ប្រាកដមែន។
            ឆ្លងតាមការបកស្រាយខាងលើ យើងអាចសន្និដ្ឋានបានថាទស្សនៈប្រធាន ពិតជាមាន​អត្ថន័យ វិសេសវិសាល ក្នុងការចូលរួមចំណែកក្នុងរបរអាជីវកម្ម ពិសេសគឺផ្ដល់ជាគតិ​បណ្ឌិតដល់អាជីវករទាំងអស់ ដែលមានបំណងចង់អភិវឌ្ឍមុខរបររបស់ខ្លួន។ ក្នុងនាមយើង​ជាអាជីវករ និងអ្នកចង់ក្លាយជាអាជីវករ គួរត្រង់ត្រាប់ និងអនុវត្តតាមវិធីសាស្រ្តខាងលើទើប​អាជីវកម្មទទួលបានភាពជោគជ័យត្រចះត្រចង់។

No comments: