Monday, November 12, 2018

តែងសេចក្ដី (៤)



តែងសេចក្ដី (៤)
ប្រធានៈ គេថា “រឿងរាមកេរ្ដិ៍ល្បីល្បាញ ព្រោះរឿងនេះមានលក្ខណៈជាតិនិយមយ៉ាងជ្រាលជ្រៅ”។
       ​​       ចូរពន្យល់ឱ្យបានក្បោះក្បាយ និងលើកយកឧទាហរណ៍បញ្ចាក់ផង។
សេចក្ដីអធិប្បាយ
            ស្នាដៃអក្សរសិល្ប៍បុរាណបែបព្រាហ្មណ៍និយម មានច្រើនសន្ធឹកសន្ធាប់ តែក្នុងនោះមានតែរឿង​រាមកេរ្ដិ៍មួយប៉ុណ្ណោះ ដែលប្រជាជនខ្មែរនិយមរាប់អានជាងគេរហូតបញ្ចូលក្នុងកម្មវិធីសិក្សានៃសាលា​ចំណេះទូទៅ ព្រោះរឿងនេះបានបង្ហាញពីគោលចរិតជាតិសាសន៍ខ្មែរយ៉ាងច្រើន។ ហេតុនេះហើយ​ទើបមាន​​ទស្សនៈមួយលើកឡើងថា “រឿងរាមកេរ្ដិ៍ល្បីល្បាញ​ព្រោះរឿងនេះមាន​លក្ខណៈជាតិនិយម​យ៉ាងជ្រាលជ្រៅ”។
            តើទស្សនៈខាងលើនេះមានអត្ថន័យ និងខ្លឹមសារយ៉ាងដូចម្ដេចខ្លះ?
            ដើម្បីងាយស្រួលដល់ការបកស្រាយ ប្រធានខាងលើឱ្យបានក្បោះក្បាយ យើងគួរយល់ពាក្យ “ជាតិ និយម” ដែលមានន័យថា ការបញ្ចូលនូវពណ៌សម្បុរ ឈាមជ័ររបស់ជាតិខ្មែរ ឬអ្វីៗដែលខ្មែរ​និយមចូលចិត្ត។​​​ប្រធាននេះចង់សំដៅទៅលើរឿងរាមកេរ្ដិ៍ល្បីល្បាញ ព្រោះរឿងនេះមានលក្ខណៈ​ឆ្លុះ​បញ្ចាំង​​​​​​​​​ពីពណ៌សម្បុរ​ខ្មែរ ឬអ្វីៗដែលខ្មែរនិយមចូលចិត្តយ៉ាងជ្រាលជ្រៅ។
            បើយើងគ្រាន់តែក្រលេកមើលមួយភ្លែត ហើយពុំបានវិភាគឱ្យបានស៊ីជម្រៅទៅលើរឿងរាមកេរ្ដិ៍ទេ ពិតជាពុំដឹងថារឿងនេះបានបង្ហាញពីព្រលឹង និងពណ៌សម្បុររបស់ជាតិខ្មែរនោះទេ។ រឿងរាមកេរ្ដិ៍ បានលើក​យកមកឆ្លុះបញ្ចាំងពីអ្វីដែលខ្មែរមានតាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន។ តួយ៉ាងការប្រកាន់​របបរាជា​និយម។ ព្រះបាទទសរថ ជាស្ដេចគ្រប់គ្រងនៅនគរព្ធយុធ្យា។ ព្រះមហាក្សត្រខ្មែរ មានទំនៀមទម្លាប់​​​តាំង​ពីបុរាណដូនតាតៗគ្នាមកថា បុត្រច្បងត្រូវសោយរាជ្យមុនប្អូន ដើម្បីឱ្យសមស្រប​តាមប្រពៃណីក្សត្រ។ ដោយឡែក ប្រពៃណីមួយទៀតគឺពិធីច្រត់ព្រះន័ង្គល ដែលមានតាំង​ពីបុរាណមកម្លេះ ត្រូវបានប្រជាជនខ្មែរ​និងព្រះមហាក្សត្រប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ក្នុងបច្ចុប្បន្ននេះ។ តួយ៉ាងក្នុងរឿងរាមកេរ្ដិ៍ ព្រះបាទជនក បានប្រារព្ធពិធីច្រត់ព្រះន័ង្គលនៅមាត់ស្ទឹងយមុនា។ ម្យ៉ាងទៀត យើងគោរពឪពុកម្ដាយណាស់ព្រោះគាត់​ជាអ្នកមានគុណ ទោះបីគាត់មានការខុសឆ្គងយ៉ាងណា យើងជាកូនត្រូវតែអភ័យទោសជានិច្ច។ យ៉ាងណា​មិញ ព្រះរាមបានពន្យល់ព្រះលក្ស្មណ៍ មិនឱ្យសម្លាប់​នាងកៃកេសី ទោះបីគាត់ជាម្ដាយចុងក៏ដោយ ក៏គាត់់​មានឈ្មោះជាម្ដាយដែរ។ មួយវិញទៀត​ប្រជាជនខ្មែរស្ទើរតែទាំងអស់ ជឿលើការបន់ស្រន់ បួងសួង​ជាក់ស្ដែង​បើគ្មានភ្លៀង ឬគ្មានកូន គេតែងតែ​បន់ស្រន់ឱ្យមានអ្នកមានបុណ្យជួយ ជាក់ស្ដែងពេលមហេសីទាំងបី​ព្រះអង្គគ្មានបុត្រ ព្រះបាទទសរថ រៀបចំពិធីសុំបុត្រហើយព្រះអង្គបានសម្រេចដូចបំណងមែន។ ទន្ទឹមគ្នានេះដែរប្រជាជនខ្មែរ​ឆ្លងកាត់​សង្គ្រាម​​​ជាច្រើនលើកច្រើនសារ ជាហេតុធ្វើឱ្យរាស្រ្តខ្មែរគោរពពាក្យ​សច្ចៈ ហើយចងក្រងជាសុភាសិត​ថា “មនុស្សយកសម្ដី ដំរីយកភ្លុក” ពាក្យសច្ចៈនេះបានស្ថិតស្ថេរគង់វង្ស នៅក្នុងស្រទាប់ប្រជាជនខ្មែរ ដែលរស់នៅតំបន់ភ្នំសព្វថ្ងៃ។ ចំណែករឿងរាមកេរ្ដិ៍ក៏បានលើកយកមកបង្ហាញ​ផងដែរអំពីពាក្យសច្ចៈ តួយ៉ាងព្រះរាម។​ ព្រះរាមសុខចិត្ត​ ទៅរស់នៅក្នុងព្រៃដប់បួនឆ្នាំ ដើម្បីគោរពពាក្យ​សច្ចៈរបស់​ព្រះបាទទសរថ ដែលបានសន្យាជាមួយនាងកៃកេសី។ លើសពីនេះទៅទៀតតាមរយៈតួអង្គ​នាងសីតា យើងឃើញថាដោយសារពាក្យសច្ចៈនេះ នាងមិនអាចរស់នៅជាមួយព្រះរាមតទៅទៀតបាននោះ​ទេ។ ចំពោះស្រ្តីខ្មែរវិញភាគច្រើននិយមឱ្យតម្លៃលើខ្លឹមកាយ ពោលគឺភាពបរិសុទ្ធនៃព្រហ្មចារីនេះឯង ខុសពី​ពួកអឺរ៉ុប ដែលនិយមឱ្យតម្លៃទៅលើខ្លឹមចិត្ត។ នៅក្នុងរឿងរាមកេរ្ដិ៍ដើម្បីបញ្ចាក់​ពីភាពបរិសុទ្ធ​របស់នាងសីតា​​ជាមួយក្រុងរាពណ៍ នោះព្រះរាមបានឱ្យនាងសីតាដើរកាត់ភ្លើងបញ្ជាក់ការពិត។
            សរុបសេចក្ដីមក រឿងរាមកេរ្ដិ៍ ពិតជាបានលើកយកមកឆ្លុះបញ្ចាំងនូវលក្ខណៈជាតិខ្មែរយ៉ាងសម្បូរ​បែប ទើបជាហេតុធ្វើឱ្យរឿងនេះល្បីល្បាញ។
            ឆ្លងតាមការអធិប្បាយប្រធានខាងលើរួចមកគំនិតប្រធានពិតជាមានតម្លៃ        បង្កប់នូវអត្ថន័យ​យ៉ាងជ្រាលជ្រៅ​ ព្រោះរឿងនេះត្រូវបានប្រជាជនខ្មែរទាំងអស់និយមចូលចិត្ត ដោយសារវាមាន​​​​លក្ខណៈ​​​សម្រប​សម្រូលទៅនឹងបរិយាកាសខួរក្បាលខ្មែរទូទៅ។ ក្នុងនាមយើងជាកុលបុត្រ កុលធីតាខេមរា ពូជពង្សអង្គរ គប្បីជួយថែរក្សាវប្បធម៌ជាតិឱ្យបានគង់វង្ស។

No comments: