Tuesday, November 13, 2018

សិក្សារបាំត្រុដិ ផ្នែកទី៣


សិក្សារបាំត្រុដិ ផ្នែកទី៣
 ៣.ប្រធានបទ
            គឺជាការបន់ស្រន់សុំទឹកភ្លៀងរបស់រដ្ឋវាសី(មនុស្សដើម) ដើម្បីបម្រើសេវាកសិកម្ម។ គេបានយករបាំនេះមកសម្ដែងនៅពេលចូលឆ្នាំថ្មី ក៏ដើម្បីអង្វរក ដល់ព្រះអាទិត្យឱ្យធ្វើ​អំណោយទឹកភ្លៀងគ្រប់គ្រាន់សម្រាប់ធ្វើស្រែចម្ការពីដើមឆ្នាំឱ្យហើយ ជៀសវាងកុំឱ្យរអាក់​រអួលនៅរដូវវស្សាខាងមុខនេះ។
៤.មុខងារ
            គឺផ្ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ដើម្បីប្រសិទ្ធិពរសព្ទសាធុការជូនដល់អ្នកភូមិឱ្យមាន​ជីវភាពសម្បូរសប្បាយ ហើយរំលឹកពួកគេឱ្យត្រៀមលក្ខណៈសម្រាប់កសិកម្ម ដែលទឹកជា​បញ្ហាសំខាន់បំផុត ទើបត្រូវការបន់ស្រន់សុំទឹកភ្លៀងជារៀងរាល់ឆ្នាំ។ របាំត្រុដិឆ្លងកាត់ការ​ប្រតិបត្តិយូរអង្វែងមកមានការប្រែប្រួលខ្លះៗពីលំនាំដើម គឺមានការរៃអង្គាសបច្ច័យដើម្បី​ផលប្រយោជន៍សាធារណៈ ដូចជាការកសាង ឬជួសជុលគរុភណ្ឌ ក្នុងវត្តអារាមសង្គហទាន​ដល់ជនក្រីក្រទុរគត ដោយទម្លាប់ឱ្យអ្នកស្រុកមានចិត្តជ្រះថ្លា សប្បុរស ចូលរួមបរិច្ចាគធ្វើ​បុណ្យទាន។ នៅមានមុខងារមួយទៀត គឺរំដោះគ្រោះឧបទ្រព្យចង្រៃចេញពីភូមិករ ពេលមានសត្វព្រៃចូលក្នុងស្រុក។។
៥.សិល្ប៍វិធី
            គឺមានបម្រើបម្រាស់ចម្រៀងឯកវាទជាពួក ស្រាលស្រទន់ រួមផ្សំជាមួបទភ្លេងបង្អូស រង្វើលៗ លាយឡំនឹងសំឡេងបន្ទរ ទៅតាមកាយវិការជាក្រុមរបស់តួសម្ដែង។
៦.បែបបទសម្ដែង
            ៦.១ ឧបករណ៍សម្ដែង
            ឧបករណ៍សម្ដែងចែកចេញជាពីរគឺ៖
            -ឧបករណ៍តន្ត្រីមាន៖
            .កញ្ឆារៈ ធ្វើពីដងពីងពង់ប្រវែង ២ម មានបន្ទះរនាបតូចឆ្មារភ្ជាប់នៅចុង ហើយខ្វែង​គ្នាពត់ងទន្ទាំ មានសណ្ឋានដូចស្នែងបួន នៅខាងចុងរនាបមានចងខ្សែខ្វែងពីចុងមួយទៅ​ចុងមួយ នៅត្រង់កណ្ដាលខ្សែខ្វែងនេះ មានបន្តោងផ្លែអង្គញ់ ដែលចោះយកគ្រាប់អស់ ដោយដាក់គ្រាប់ក្រួស ឬគ្រាប់ដែកទៅក្នុងនោះ ប្រយោជន៍ឱ្យឮសូរ កាលណាគេបុកដងវា​នឹងដីតាមចង្វាក់ស្គរ។
            .ចង្ក្រង់ដំបែៈ ជាចង្ក្រង់ដែលគេចងបន្តោងនឹងខ្សែទាមគោ ហើយគេចងភ្ជាប់ទៅនឹង​ដងពីងពង់។ កាលណាគេបុកនឹងដី ក៏លាន់សូរប្រាវៗ តាមចង្វាក់។
            .ចង្ក្រង់រ៉ូងៈ ជាចង្ក្រង់ដែលគេចងផ្គួបជាចង្កោម ព្យួរនឹងចង្កេះមនុស្ស។
            .ស្គរៈ ជាស្គរធ្វើពីដីដុតពាសស្បែកពស់ថ្លាន់។
            .ប៉ីពកៈ តួប៉ីធ្វើដោយឫស្សីពក ឬឈើ គ្មានលាំទេ មានលំនាំប្រហែលគ្នានឹងប៉ីអទាំង​អស់ ខុសតែត្រង់ប៉ីពកផ្លុំចំហៀង។
            .ទ្រអ៊ូៈ មានប្រអប់សំឡេងធ្វើពីលលាដ៏ដូងមួយយ៉ាងធំ ពុះជាពីរពាសស្បែកពស់​មានយ៉ងនៅលើសន្ទះសម្រាប់ទ្រខ្សែកុំឱ្យដាបដល់សន្ទះ មានដងឈើខ្លឹមប្រវែង ០.៩០ម មានព្រលួតពីរនៅខាងចុង​ មានខ្សែក៏ពីរដែរគឺ ខ្សែឯក និងខ្សែគ។ នៅមានឆាករាងដូចធ្នូ ដែលមានសាយធ្វើដោយសរសៃកន្ទុយសេះ ភ្ជាប់ទៅនឹងតួទ្រ ដោយគេយកសាយទៅស៊ក​ក្នុងប្រឡោះខ្សែទាំងពីរ។ ទ្រអ៊ូមានសូរបែបធ្ងន់ណែន។
            .ទ្រសោៈ មានប្រអប់សំឡេងធ្វើពីបំពង់ឫស្សីប្រវែងប្រហែល ០.១០ម ទទឹងមាត់​ប្រហែលជា ០.០៨០ម ពាសដោយស្បែកពស់ មានយ៉ងនៅលើសន្ទះ មានដងឈើខ្លឹមប្រវែង​ ០.៩០ម មានព្រលួតពីរ មានខ្សែពីរ គឺខ្សែឯក និងខ្សែគ និងមានឆាកដូចគ្នានឹងទ្រអ៊ូដែរ។ ទ្រសោមានសំឡេងបែបស្អកស្អារ។
            .សន្ទូចៈ​ ធ្វើពីដងពីងពង់ប្រវែង ៣ម មានព្យួរថង់មួយនៅខាងចុងសម្រាប់ទទួលវត្ថុ​ទាន។
            -ឧបករណ៍តែងមាន៖
            .មុខត្លុក (ខ្មុក) ធ្វើពីឆ្អឹងឫស្សី ពាសក្រដាស ឬស្មាច់ ឬខ្មុក។
            .មកុដ (ខ្មុកផាត់ពណ៌) ធ្វើពីក្រដាសលាបកាវ និងបិទឱ្យតម្រួតគ្នាទៅជារឹង គឺស្មាច់ ឬខ្មុក ហើយផាត់ពណ៌។
            .ស្នែងប្រើស
            .ស្នែងទន្សោង
            .កន្ទុយក្ងោក
            .ក្រចក ធ្វើពីផ្ដៅប្រវែង ០.២០ម បិទចុងឱ្យស្រួច រោលភ្លើងឱ្យង យកអំបោះ ចងគល់​ភ្ជាប់នឹងម្រាម៤​​ ឯមេដៃមិនពាក់ទេ។
            ៦.២ តួសម្ដែង
            ជាមធ្យមមានចំនួន ២៥នាក់ រួមមាន៖
            -អ្នកពាក់មុខខ្មៅ ធ្វើមនុស្សព្រៃ
            -អ្នកពាក់មុខត្លុក ធ្វើព្រានព្រៃ
            -អ្នកពាក់ស្នែងប្រើស និងអ្នកពាក់ស្នែងទន្សោង
            -តួរាំ (តួឯក តួនាង)
            -អ្នកពាក់ក្រចក
            -អ្នកកាន់គ្រឿងភ្លេង
            -អ្នកកាន់សន្ទូចមានថង់។

No comments: