Tuesday, November 13, 2018

សិក្សារបាំត្រុដិ​ ផ្នែកទី១


សិក្សារបាំត្រុដិ​ ផ្នែកទី១
សេចក្តីផ្តើម

            របាំគឺជាការបញ្ចេញលំនាំវាសដៃ វាសជើង ពត់ពេនខ្លួនប្រាណចាក់ក្បាច់ កែក្រាយ ឬលោតហក់ចាក់ក្បាច់តាមបែបបទផ្សេងៗរបស់អ្នករាំ។ ក្រៅពីការសម្តែងកាយវិការ មាន បម្រើបម្រាស់ចម្រៀង តន្រ្តីរួ​មផ្សំជាមួយគ្នាផង។ របាំមានធាតុសំខាន់បីគឺ៖ កាយវិការ ចម្រៀង និងតន្រ្តី។            
            របាំប្រជាប្រិយមានប្រភពមកពីពលកម្ម និងការតស៊ូប្រឆាំងដូចតំណាលកថាប្រជា ប្រិយ និងពាក្យជួនប្រជាប្រិយដែរ ព្រោះវាឆ្លុះបញ្ចាំងសកម្មភាពជីវភាពប្រចាំថ្ងៃ ជំនឿ ទំនៀមទម្លាប់ ប្រពៃណីរបស់ប្រជាជនយើង នៅតាមតំបន់នានានៃប្រទេស។ មិនត្រឹមតែ ប៉ុណ្ណោះរបាំប្រជាប្រិយជាមរតកដ៏វិសេសវិសាល ដែលបានលាតត្រដាងពណ៌ ទៅតាម ស្រុកនីមួយៗ ដែលអាចឲ្យយើងស្គាល់ពីទឹកចិត្ត ចំណង់ចំណូលចិត្ត សេចក្តីប៉ងប្រាថ្នា របស់ ប្រជាជាតិនោះ។ ក្នុងចំណោមរបាំប្រជាប្រិយជាច្រើនរបាំ​ត្រុដិ ជា​របាំ​ប្រពៃណី​ដែល​ត្រូវ​បាន​លើក​យក​មក​សម្ដែង​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ ហើយ​របាំ​នេះ​មាន​ប្រជាប្រិយភាព​មួយ ដោយ​សារ​ការ​ទាក់​ទាញ​លើ​បទ​ចម្រៀង​និង​មាន​តួ​អង្គ​សម្ដែង​បង្កប់​អត្ថន័យ​ជា​សាច់​រឿង​ដ៏​គួរ​ឲ្យ​ជក់​ចិត្តដិតអារម្មណ៍។
១.និយមន័យ
            -ត្រុដ  កិ. (សំ) កាត់; ផ្ដាច់; ពុះ; ស្រាយ។
            -ត្រុដិ ន.(សំ) ដំណើរកាត់,ការផ្ដាច់។ ឈ្មោះភ្លេង, ចម្រៀងមួយប្រភេទ សម្រាប់​បណ្ដាជនក្នុងខេត្តសៀមរាប គេលេងតែក្នុងឱកាសចូលឆ្នាំថ្មី: ភ្លេងត្រុដិ, លេងត្រុដិ។
            -ត្រស្តិ (ត្រស់) ន. ឈ្មោះព្រះរាជពិធីមួយប្រភេទ ធ្វើក្នុងវេលាយប់ ១៤ រោច ខែផល្គុន​ក្នុងរជ្ជកាលពីបុរាណហៅថាពិធីបញ្ជាន់ត្រស្តិ, សម័យឥឡូវហៅថា ពិធីភាណយក្ខ ឬពិធី​សូត្រភាណយក្ខ។ ពាក្យត្រស្តិនេះក្លាយមកពី ភាសាសំស្ក្រឹតថា ត្រុដ កិ. “កាត់, ផ្ដាច់” , ត្រុដិ​ន. “ដំណើរកាត់, ការផ្ដាច់”, ក្នុងព្រះរាជពិធីនេះ សំដៅយកសេចក្ដីថា “ដំណើរផ្ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី” មានទំនងជាលំអានឱ្យយល់បានថា កាលពីក្នុង​សម័យបុរាណលោកហៅព្រះរាជពិធីនេះថា ពិធីត្រុដិ ឬពិធីបញ្ជាន់ត្រុដិ ព្រោះសព្វថ្ងៃនេះ​បណ្ដាជនក្នុងខេត្តសៀមរាប នៅហៅភ្លេង, ចម្រៀងមួយប្រភេទថា ភ្លេងត្រុដិ, ច្រៀងត្រុដិ, គេលេងតែក្នុងឱកាសចូលឆ្នាំថ្មី, សហេតុឱ្យយល់ច្បាស់ថា ត្រុដិ នេះហើយ ក្លាយមកពីពាក្យ​ថា ត្រស្តិ។ ពិធីបញ្ជាន់ត្រស្តិនេះពីបុរាណជាន់ដើម ជួនលោកហៅថា ពិធីសម្ពច្ឆរច្ឆិន្ន ឬសម្ពច្ឆរច្ឆិន្នពិធី “ពិធីផ្ដាច់ឆ្នាំ”។

            ដូច្នេះរបាំត្រុដិ ជារបាំប្រជាប្រិយមួយបែបដែលគេនិយមលេងតែក្នុងពេលចូលឆ្នាំ​ខ្មែរ ដើម្បីផ្ដាច់ឆ្នាំចាស់ផ្លាស់ចូលទៅក្នុងឆ្នាំថ្មី​ និងដើម្បីប្រសិទ្ធិពរជូនដល់អ្នកស្រុកក្នុង ឱកាសចូលឆ្នាំថ្មីនោះផង។

No comments: