Tuesday, January 8, 2019

ល្បែងចាក់ទឹកដូង


ល្បែងចាក់ទឹកដូង
          ជាល្បែងមួយប្រភេទសម្រាប់លេង​ ដើម្បីបន្លប់កុមារតូចៗ ដែលចេះតែយំទារនេះទារនោះ​ ពិសេស​បងៗដែលមើលប្អូន ច្រើនបន្លប់ប្អូនកុំឱ្យយំតាមម្ដាយ ដែលកំពុងបំពេញការងារឬមិននៅផ្ទះ។ ចំពោះមនុស្ស​ចាស់ក៏មានលេងល្បែងប្រភេទនេះដែរ គឺច្រើនលេងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។
          ល្បែងនេះ ជួនកាលលេងតែបងម្នាក់ និងប្អូនប៉ុណ្ណោះ។ តែបងៗច្រើននាំប្អូនតូចៗពីរបីនាក់ថែមទៀត ដើម្បីឱ្យមានភាពរស់រវើករីករាយ។ ជាដំបូង បងធំដែលជាអ្នកផ្ដើមលេងនោះ ឱ្យប្អូនតូចៗលាបាតដៃទាំងពីរ​ឯបងក៏លាបាតដៃមួយដែរ ដៃម្ខាងទៀតនោះបងក្ដាប់ម្រាមបួន នៅសល់ម្រាមចង្អុលដៃមួយសម្រាប់ទុកចាក់​បាតដៃទាំងអស់ដែលលា រួមទាំងបាតដៃខ្លួនផង។
          ពេលចាក់បាតដៃ បងចាក់បាតដៃតាមចង្វាក់ លើបាតដៃម្ដងមួយៗ ហើយស្រែកច្រៀងថាៈ
          “ចាក់ទឹកដូងមីឡូងមីឡា កន្ទុយត្រីប្រា​ មីនាងអ៊ុក កន្ទុយត្រីផ្ទក់ មីនាងកែវ អកកំបោរប្រចាំថង់ បំពង់ឬស្សីប្រចាំវែក ក្បាលទំពែក ក្អែកជុះអាចម៍ដាក់ប៉ក់ លាក់ដៃមួយ”។
          មានខ្លះទៀតច្រៀងទំនុកផ្សេងទៀតថាៈ
          “ចាក់ទឹកដូងអំពោងអំពាន់ កាច់ឈើឈ្នាន់អន្ទាន់អន្ទង កាច់របងមីឡូមីឡា កន្ទុយត្រីប្រា​ មហាអុក កន្ទុយត្រីផ្ទក់ មីនាងកែវ អកកំបោរប្រចាំថង់ បំពង់ឬស្សីប្រចាំវែក ក្បាលទំពែក ក្អែកជុះអាចម៍ដាក់ប៉ក់ លាក់ដៃមួយ”។
          កាលបើបទនៃទំនុកច្រៀងនេះចប់ត្រឹមពាក្យ “មួយ” នៅលើបាតដៃអ្នកណា អ្នកនោះត្រូវដកដៃចេញ​​យកទៅលាក់ទុកក្រោយខ្នង។ បងអ្នកចាក់ត្រូវចាក់តទៅទៀត រហូតដល់អស់ដៃដែលត្រូវចាក់ បងក៏នាំប្អូន​ហ៊ោសើចសប្បាយ។គេចាប់ផ្ដើមលេងជាថ្មីទៀត ដើម្បីបន្លប់ប្អូនដែលយំ។

(ដកស្រង់ចេញពីសៀវភៅ តន្រ្តី និងជីវិតខ្មែរ របស់អ្នកស្រី កែវ ណារុំ​ បោះពុម្ពលើកទី១ ឆ្នាំ១៩៩៥ ទំព័រ៨៥-៨៦)

No comments: